កំពង់ចាម៖ ខេត្តកំពង់ចាម ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃដំបូងដល់កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សរុបជាង១១ម៉ឺននាក់ ដោយបែងចែកទៅមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទាំង១០ សរុប៣១ក្រុម ស្មើ២៨ទីតាំង ទូទាំងខេត្ត ។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១,ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកដំណើរចាក់វ៉ាក់សាំងការពារជមងឺកូវីដ១៩ ដល់កុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លើកឡើងថា ការអនុវត្តកិច្ចការនេះតាមអនុសាស្រ្តរបស់សម្តេចតេជោ។ កន្លងមកខេត្តកំពង់ចាម បានទទួលវ៉ាក់សាំងចាក់ជូនមន្រ្តីរាជការជួរមុខចំនួន៣ដូលរួចរាល់ ប្រជាពលរដ្ឋចូលរួមចាក់ពលរដ្ឋដោយស្ម័គ្រចិត្តបានចំនួន២ដូស និងកុមារអាយុ១២ឆ្នាំដល់ក្រោមអាយុ១៨ឆ្នាំ បានចាក់ដូសទី២ មួយចំនួនធំ ដែលសរុបជារួមប្រមាណជាង៩០% នៃចំនួនប្រជាពលរដ្ឋសរុប។
ឯកឧត្តមបន្តថា ការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់នេះ គឺនឹងធ្វើប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងការរស់នៅ បង្កើតភាពស៊ាំនៅក្នុងសង្គម និងអាចបើកឲ្យដំណើរការបង្រៀន និងដល់សិស្សានុសិស្ស ដែលការបើកឲ្យដំណើរសាលារៀននៅពេលនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ មាននិរន្តរភាពបើកឲ្យដំណើរជាបន្តបន្ទាប់ជៀសវាងបើកសាលារៀនហើយ បែរជាមានករណីបិទទៅវិញ។
ដោយឡែក កុមារដែលមានអាយុ៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំ បានបង្ហាញរីករាយដោយមិនភ័យខ្លាច គឺរីករាយនឹងទទួលវ៉ាក់សាំង ព្រោះពួកគេគិតថាជារនាំងមួយដើម្បីប្រឆាំងទប់ស្កាត់ជម្ងឺកូវីដ ហើយទោះបីទទួលវ៉ាក់សាំងរួចក៏ដោយពួកគេមិនធ្វេសប្រហេសឡើយ គឺបន្តអនុវត្តនូវវិធានសុខាភិបាល បីកុំ និងបីការពារ ៕