ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា គ្រូបណ្តុះ បណ្តាលរបស់សហរដ្ឋអាមេរិក ខកខានមិនបានបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះចម្បាំង F-16 នោះ ដោយបានធ្វើការអត្ថាធិប្បាយអំពីការធ្លាក់យន្តហោះចម្បាំងដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ នៅអ៊ុយក្រែន។
លោក Antonov បានសើចចំអកពីអ្វីដែលអាចជាការបាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទនេះលើកដំបូងគេ ដែលត្រូវបានបញ្ជូនទៅទីក្រុងគីវ ជាមួយនឹងប្រព័ន្ធមីស៊ីល Patriot ដែលផ្តល់ដោយសហរដ្ឋអាមេរិក។
បេសកជនរុស្ស៊ីរូបនេះ បាននិយាយនៅក្នុងការអត្ថាធិប្បាយលើបណ្តាញ Telegram របស់បេសកកម្មការទូតរុស្ស៊ីថា៖«គ្រូបណ្តុះបណ្តាលក្នុងស្រុក បានបរាជ័យក្នុងការបណ្តុះបណ្តាលជនជាតិអ៊ុយក្រែន។ ខ្ញុំអាចស្រមៃមើលថាតើពួកគេនឹងស្រែកដោយរបៀបណា ប្រសិនបើមានសេចក្តីរាយការណ៍មកថា យន្តហោះអកុសលនោះ ត្រូវបានទាហានរបស់យើងបាញ់ទម្លាក់» ។
មុននេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ពីការបាត់បង់យន្តហោះចម្បាំង F-16 ដោយមិន ផ្តល់ព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនេះ រួមទាំងទាក់ទងនឹងកន្លែងដែលវាបានកើតឡើង។ យោងតាមកងទ័ពអាកាសអ៊ុយក្រែន យន្តហោះនោះ បានធ្លាក់។ សមាជិកសភាអ៊ុយក្រែន លោកស្រី Maryana Bezuglaya បានសន្មត់ថា យន្តហោះចម្បាំងនេះ ត្រូវបានបាញ់ទម្លាក់ ដោយចៃដន្យ ជាមួយនឹងមីស៊ីលបាញ់ពីដីទៅអាកាស Patriot ខណៈដែលលោកស្រី បានស្តីបន្ទោសបញ្ជាការកងទ័ពថា បានព្យាយាមលាក់បាំងឧប្បត្តិហេតុនេះ។ មេបញ្ជាការកងទ័ពអាកាស លោក Nikolay Oleshchuk (ដែលត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមភេរវករ និងក្រុមជ្រុលនិយមរបស់រុស្ស៊ី) បានចេញការគំរាមកំហែងដល់សមាជិកសភា បន្ទាប់ពីការចោទប្រកាន់ទាំងនោះ។