ភ្នំពេញ ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំផលិតផ្ទាំងបដាផ្សព្វផ្សាយ ក្រោមខ្លឹមសារ ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីជាការចូលរួមចំណែកក្នុងការជំរុញការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាម ទូទាំង២៥ រាជធានី-ខេត្ត។
ផ្ទាំងបដាអប់រំផ្សព្វផ្សាយ ដែលជាការរួមចំណែករបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ត្រូវបានប្រគល់ជូនគណៈកម្មការទី៧ នៃរដ្ឋសភា និងស.ស.យ.កដោយមានការចូលរួមប្រគល់-ទទួល ដោយកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ នៃក្រុមហ៊ុនកូកា- កូឡា កម្ពុជា និងឯកឧត្តមខៀវ ភារិទ្ធ លេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាដែលគ្រោង នឹងចង នៅតាមបណ្តាវត្តអារាមនានានៅទូទាំងប្រទេសតាមរយៈក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាមុនថ្ងៃកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន មានសេចក្តីរីករាយណាស់ដែលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានអនុញ្ញាតឱ្យប្រារព្ធតាមប្រពៃណីជាតិ បន្ទាប់ពីកម្ពុជាសម្រេចបានអត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ខ្ពស់គួរជាទីមោទន។ យ៉ាងណាក៏សូមឱ្យបងប្អូនទាំងអស់រីករាយដោយប្រកាន់ខ្ជាប់នូវ៣ការពារ ៣កុំជានិច្ច ដើម្បីសុខសុវត្ថិភាពនិងសង្ឃឹមថា កម្ពុជានឹងអាចប្រារព្វពិធីបុណ្យជាតិធំៗទាំងឡាយទៀត តាមគន្លងថ្មី ក្នុងបរិបទកូវីដ-១៩នេះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ខៀវ ភារិទ្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជាដែលបានចូលរួមឧបត្ថម្ភដល់គណៈកម្មការក្នុងការបោះពុម្ពបដានេះឡើង ដើម្បីជាការបញ្រ្ជាបសារអប់រំ និងក្រើនរំឭកដល់លោកយាយលោកតា អ៊ុំ ពូ មីង បងប្អូនដែលមកធ្វើបុណ្យនៅតាមទីវត្តអារាមឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ៣កុំ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូកា-កូឡាកម្ពុជា កន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្តល់ជំនួយបន្ទាន់ស្បៀង១០,០០០កញ្ចប់ សម្រាប់ចែកជូនដល់កម្មករកម្មរិនីរោងចក្រដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទខ្ទប់អំឡុងដើមខែឧសភា ឆ្នាំ២០២១ និងបេសកកម្មក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក៏ដូចជាការចូលរួមអប់រំ ផ្សព្វផ្សាយនូវវិធានការ៣កុំ ៣ការពារ ជាផ្ទាំងផ្សព្វផ្សាយមាននៅទីសាធារណៈនានារួចមកហើយ៕អត្ថបទ៖ រដ្ឋា