រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូងលោក Ahn Duk-geun បានជួបសមភាគីប៊ុលហ្គារីរបស់ខ្លួននៅថ្ងៃអង្គារនេះ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅនៅក្នុងវិស័យថាមពល រួមទាំងឧស្សាហកម្មថាមពលនុយក្លេអ៊ែរផងដែរ។
លោក Ahn បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីប៊ុលហ្គារី លោក Vladimir Malinov នៅទីក្រុងសេអ៊ូល ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី ក្នុងការប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ រួមទាំងវិបត្តិមជ្ឈិមបូព៌ា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនសន្តិសុខថាមពល និងពង្រីកថាមពលស្អាត គឺពិតជាចាំបាច់ណាស់ ជាពិសេសចំពេលមានការប្រែប្រួលអាកាសធាតុដែលកំពុងបង្កឲ្យមានបាតុភូតអាកាសធាតុខ្លាំង ដូចជារលកកម្តៅ និងព្យុះទីហ្វុងជាដើម។
លោក Ahn បានកត់សម្គាល់ឃើញថា ប្រទេសប៊ុលហ្គារីដែលពឹងផ្អែកលើថាមពលនុយក្លេអ៊ែរសម្រាប់ ៣៥ភាគរយនៃតម្រូវការអគ្គិសនីរបស់ខ្លួន មានសក្តានុពលដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងត្បូងដែលបាននិងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវអព្យាក្រឹតកាបូន។