រថយន្តកងទ័ពអ៊ីស្រាអែល ត្រូវបានគេមើលឃើញបើកល្បាតតាមដងផ្លូវនៅច្រកចូលជំរំជនភៀសខ្លួនទីក្រុង Jenin ស្ថិតនៅក្នុងតំបន់កាន់កាប់វ៉េសប៊ែងនាថ្ងៃអង្គារនេះ ស្របពេលរថយន្តផ្សេងទៀត ហៅឲ្យឈប់រថយន្តគិលានសង្រ្គោះ ដើម្បីត្រួតពិនិត្យ មុនពេលពួកគេអាចធ្វើដំណើរឆ្លងកាត់បាន ។
គ្រូពេទ្យមកពីក្រុមសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និយាយថា ពួកគេបានចាប់ផ្តើមចែកចាយជំនួយ និងគ្រឿងផ្គត់ផ្គង់ចាំបាច់ ដល់មនុស្សនៅតាមតំបន់រងផលប៉ះពាល់ដោយសារការវាយឆ្មក់របស់អ៊ីស្រាអែល ។
លោក Murad Khamayseh គឺជាគ្រូពេទ្យចែកចាយជំនួយមួយរូប និយាយថា ពួកយើងបានចែកចាយនំបុ័ង និងទឹកផឹក ដល់អ្នករងផលប៉ះពាល់ដែលមិនអាចផ្លាស់ទីទៅរកគ្រឿងផ្គត់ផ្គង់ចាំបាច់បាន។
លោកបានពន្យល់ថា ពលរដ្ឋពុំបានត្រៀមខ្លួនរួចរាល់នោះទេចំពោះការឡោមព័ទ្ធបែបនេះ បើគ្មានគ្រឿងផ្គត់ផ្គង់សម្រាប់ប្រតិបត្តិការយោធារយៈពេល ១សប្តាហ៍របស់អ៊ីស្រាអែល ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន បាននិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ២៩នាក់ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការរបស់ទាហានអ៊ីស្រាអែលនៅទីក្រុង Jenin និងកន្លែងផ្សេងទៀតនៅតំបន់វ៉េសប៊ែងលើកនេះ ៕



