កីឡាជាតិ៖ ការប្រកួតកីឡាជាតិលើកទី៣ គ្រោងនឹងរៀបចំជាថ្មីចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានខកខានរៀបចំកាលពីឆ្នាំ២០២០ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិលើកទី៣ ថា កិច្ចប្រជុំនេះ គឺជាការផ្ដល់ព័ត៌មាន និងគោលបំណងនៃការត្រៀមរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ដល់សហព័ន្ធកីឡាជាតិ និងមន្ទីររាជធានី-ខេត្ត ព្រោះនេះជាការធ្វើតេស្ដ និងវាស់ស្ទង់មួយដ៏សំខាន់ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ មួយរយៈកិច្ចប្រជុំនេះ ក្រសួងចង់ធ្វើការថ្លឹងថ្លែងឲ្យបានច្បាស់លាស់ដល់គ្រប់ភាគីពាក់ព័ន្ធ អំពីការរៀបចំកីឡាជាតិលើកទី៣ និងស្ថានភាពកូវីដ-១៩ ដើម្បីផ្ដល់នូវតុល្យភាពក្នុងការត្រៀមលក្ខណៈសម្បត្តិ ក្នុងករណីដែលស្ថានភាពកូវីដអំណោយផលនឹងរៀបចំការប្រកួតនៅឆ្នាំ២០២២ តែបើករណីស្ថានភាពកូវីដមិនអំណោយផលទេ តើត្រូវរិះរកវិធីអ្វីដើម្បីជារូបមន្ដថ្មី អាចរៀបចំការប្រកួតកីឡាជាតិនេះបាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សុខ សប្បាយណា។

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបានធ្វើការសំណូមពរដល់សហព័ន្ធកីឡាជាតិ និងមន្ទីរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវផ្ដោតលើការរៀបចំ និងត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីចូលរួមការប្រកួតកីឡាជាតិលើកទី៣ ព្រោះច្បាស់ណាស់ព្រឹត្តិការណ៍នេះអាចចាត់ទុកជាម៉ែត្រវ៉ាស់មួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រីបច្ចេកទេស ដែលជាធនធានសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ គួរដឹងថា ការប្រកួតកីឡាជាតិត្រូវបានរៀបចំលើកទី១ កាលពីឆ្នាំ២០១៦ ដោយបានកំណត់កីឡា ១៥ប្រភេទសម្រាប់ធ្វើការប្រកួតប្រជែង និងលើកទី២ រៀបចំកាលពីឆ្នាំ២០១៨ លើប្រភេទកីឡាចំនួន ២៧។ ប៉ុន្ដែផែនការត្រៀមរៀបចំកីឡាជាតិលើកទី៣ នាចុងឆ្នាំ២០២២ ខាងមុខ នឹងរៀបចំជាយុទ្ធសាស្ដ្រស្របតាមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយគ្រោងរៀបចំការប្រកួតចំនួន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងបណ្ដាខេត្តមួយចំនួន ដើម្បីជាការធ្វើតេស្ដត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា