រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បាននិយាយថា ប្រទេស ជប៉ុន បានបញ្ជាក់ពីការឃុំខ្លួនពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសបេឡារុស។
លោកបានថ្លែងថា៖«ស្ថានទូតជប៉ុន បានបញ្ជាក់ថា បុរសអាយុ ៥០ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានឃាត់ខ្លួន ដោយចោទប្រកាន់ពីបទបំពានច្បាប់ក្នុងតំបន់។ ក្នុងអំឡុងពេលជួបស្ថានកុងស៊ុលជាមួយបុរសនោះ យើងឃើញថា គាត់មិនមានបញ្ហាសុខភាពទេ។ ចំពោះករណីនេះ ខ្ញុំនឹងបដិសេធមិនចែករំលែកព័ត៌មានលម្អិតអំពីមូលហេតុ និងកាលៈទេសៈនៃការឃុំខ្លួននេះទេ។ យើងនឹងបន្តការគាំទ្រទាំងស្រុងសម្រាប់ គាត់»។
ប៉ុស្តិ៍ទូរទស្សន៍ Belarus-1 បាននិយាយកាលពីថ្ងៃពុធថា មន្ត្រីនៃសេវាកម្មពិសេសរបស់ជប៉ុនម្នាក់ ត្រូវបានឃុំខ្លួន។ បុរសនោះ ត្រូវបានគេរាយការណ៍ថា កំពុងប្រមូលព័ត៌មានអំពីស្ថានភាពសង្គម-នយោបាយ នៅក្នុងប្រទេសបេឡារុស ការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន ស្ថានភាពនៅតាមព្រំដែនបេឡារុស-អ៊ុយក្រែន ក៏ដូចជាអំពីហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសនេះផងដែរ។