បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានបង្ហាញខ្លួនលើកដំបូងក្នុងទឹកដីខ្លួនឯង ស្របពេល Paris Saint Germain យកឈ្នះ Olympique Lyon ២-១។ ក្រុមរបស់លោក Mauricio Pochettino ត្រូវបាន Lyon នាំមុខមុននៅនាទីទី៥៤ ដោយ Tolentino de Lima មុនពេលដែល Neymar ស៊ុតបាល់ ១១ម៉ែត្រតាមស្មើវិញនៅនាទីទី ៦៦។

ក្រោយមក Messi ក៏ត្រូវបានផ្លាស់ប្តូរចេញជំនួសដោយខ្សែការពារ Achraf Hakimi តែកីឡាករអាហ្សង់ទីនរូបនេះហាក់មិនសប្បាយចិត្តឡើយ ដោយមិនដឹងថានិយាយអ្វីឡើយនៅពេលដើរកាត់អ្នកចាត់ការ Pochettino។ កីឡាករបម្រុងរបស់ PSG ម្នាក់ទៀត Mauro Icardi គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះនៅនាទីទី៩០+៣ ធ្វើឱ្យ Paris Saint Germain បន្តកាន់កាប់កំពូលតារាងមាន ១៨ពិន្ទុពីការប្រកួត ៦លើកឈ្នះទាំង ៦។ រយៈពេល ៤០ថ្ងៃហើយដែល Messi ផ្លាស់ពី Barcelona មកកាន់ PSG តែកីឡាករវ័យ ៣៤ឆ្នាំរូបនេះមិនទាន់រកបានគ្រាប់បាល់នៅឡើយជាមួយក្រុមថ្មី៕
អត្ថបទ៖នាង សុភាវុធ