អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថាឧបទ្វីបកូរ៉េ បានក្លាយជាដំណាក់កាលនៃសមយុទ្ធយោធាដ៏ខ្លាំងក្លាបំផុតនៅទូទាំងពិភពលោក ដោយសារតែសកម្មភាពរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបង្កឲ្យមានការកើនឡើងនៃភាពតានតឹង នៅក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីអ្នកនាំពាក្យនេះ ដោយនិយាយថា៖«គ្មានតំបន់ណាដូចឧបទ្វីបកូរ៉េ អាចត្រូវបានរកឃើញនៅលើផែនដីនេះទេ ដែលសមយុទ្ធយោធារួមគ្នា សំដៅលើរដ្ឋអធិបតេយ្យមួយ ក្រោមឈ្មោះផ្សេងៗគ្នាដូចជា សមយុទ្ធFreedom Shield ជាសមយុទ្ធបង្កើតរួមគ្នា សមយុទ្ធជ្រៀតចូលតាមអាកាសរួមគ្នា Iron Mace កំពុងត្រូវបានធ្វើជាបន្តបន្ទាប់»។
អ្នកនាំពាក្យ បាននិយាយថា៖«វាគឺជាការពិតដែលគេដឹងយ៉ាងច្បាស់ថា ការប្រមូលផ្តុំនៃសកម្មភាពគំរាមកំហែងបែបនេះ នៅលើឧបទ្វីបកូរ៉េ ដែលជាចំណុចក្តៅបំផុត ក្នុងស្ថានភាពនៃឈប់បាញ់ ក្នុងពិភពលោក នឹងធ្វើឲ្យមានភាពតានតឹង និងជំរុញបរិយាកាសសន្តិសុខក្នុងតំបន់ ឲ្យទៅជាស្ថានការណ៍មហន្តរាយដែលមិនអាចត្រឡប់វិញបាន»។
មន្ត្រីរូបនេះ បានរំលឹកថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានគឺ «Ulji Freedom Shield» នៅថ្ងៃទី ១៩-២៩ ខែសីហា។