
ភ្នំពេញ៖ នៅសប្តាហ៍ក្រោយនេះ ខេត្តកំពង់ចាមនឹងចាប់ផ្តើមដំណើរការផលិតអុកស៊ីសែនដោយខ្លួនឯងហើយ ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺកូវីដ-១៩ និងអ្នកជំងឺទូទៅ ដែលមកសម្រាកព្យាបាលនៅមន្ទីរខេត្ត។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញពិនិត្យទីតាំងដាក់ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងដែលជា ជំនួយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានក្រុមគ្រូពេទ្យរៀបចំដាក់ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម រួចហើយ។
លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា ម៉ាស៊ីនផលិត អុកស៊ីសែនមួយគ្រឿងនេះ គឺជាជំនួយដ៏ថ្លៃថ្លា របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បានដាក់ចូលក្នុងរោងផ្ទុកម៉ាស៊ីនរួចហើយ នៅក្នុង មន្ទីរពេទ្យខេត្តកំពង់ចាម ក្រោមការពិនិត្យយ៉ាងដិតដល់ពីសំណាក ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញជាច្រើនរូបទៀត។
លោកប្រធានមន្ទីរពេទ្យ បានបន្តថា ខណៈនេះខាង ក្រុមជាងអគ្គិសនី កំពុងតបណ្តាញខ្សែអគ្គិសនី បំពាក់ លើម៉ាស៊ីន នេះ ដែលមានសមត្ថភាព ផលិតខ្យល់ អុកស៊ីសែនបាន ក្នុងមួយម៉ោង ចំនួន ១០បំពង់ ដូច្នោះ ជាមធ្យម ក្នុងមួយថ្ងៃ អាចផលិតបានប្រមាណ ៣០០បំពង់ផងដែរ ដោយមិនចាំបាច់ទៅយកនៅរាជធានីភ្នំពេញឡើយ៕



