រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃសុក្រ (ទី៦ ខែកញ្ញា) នេះ បាននិយាយថា ខ្លួននឹងផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលពហុតួនាទីទម្ងន់ស្រាលចំនួន ៦៥០គ្រឿង ដែលមានតម្លៃ ១៦២លានផោន (២១៣,១៣លានដុល្លារ) ដើម្បីជួយការពារប្រទេសនេះពីការវាយប្រហារដោយយានដ្រូន និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
រុស្ស៊ីកាលពីសប្តាហ៍មុន បានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនលើអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមទ្រង់ទ្រាយធំ បានចាប់ផ្តើមនៅដើមឆ្នាំ២០២២។ អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀតឲ្យមានការគាំទ្រផ្នែកការពារដែនអាកាសបន្ថែមទៀត ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីល និងយន្តយានដ្រូន។
ការផ្គត់ផ្គង់មីស៊ីលថ្មីនេះ ត្រូវបានប្រកាសនៅពេលដែលរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានចូលរួមជាមួយក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាក្រុមចម្រុះនៃបណ្តាប្រទេសចំនួន ៥០ នៅមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់។
ក្រសួងការពារជាតិបានឲ្យដឹងថា ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មី ក្នុងការពន្លឿនដល់ការផ្តល់ជំនួយដល់អ៊ុយក្រែន ក្រុមទី១ នៃប្រព័ន្ធមីស៊ីលថ្មី ដែលត្រូវបានប្រកាសនៅថ្ងៃទី៦ ខែកញ្ញា ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅដល់ នៅចុងឆ្នាំ២០២៤ នេះ។
ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា មីស៊ីលដែលផលិតដោយក្រុមហ៊ុន Thales មានរយៈចម្ងាយជាង ៦គីឡូម៉ែត្រ ហើយអាចបាញ់ចេញពីទីតាំងផ្សេងៗគ្នា នៅលើដី សមុទ្រ និងអាកាស៕