នគរបាល បាននិយាយថា អគ្គិភ័យបានសម្លាប់ក្មេងប្រុស១៧នាក់ នៅពេលដែលវាបានឆាបឆេះកន្លែងស្នាក់នៅរបស់សិស្ស ដែលពួកគេកំពុងដេកនៅក្នុងសាលារៀនក្នុងប្រទេសកេនយ៉ាភាគកណ្តាល កាលពីព្រឹកថ្ងៃសុក្រ។
យោងតាមក្រសួងអប់រំបានឲ្យដឹងថា សាលារៀនមានសិស្សសរុបចំនួន ៨២៤ នាក់ សិស្សស្រី ៤២២ នាក់ ហើយនៅសល់ជាសិស្សប្រុស។
អនុប្រធានាធិបតី លោក រីហ្កាធី ហ្គាចាហ្គូ(Rigathi Gachagua) ដែលបានទៅពិនិត្យមើលសាលារៀន បាននិយាយថា សិស្សចំនួន៧០នាក់ នៅបាត់ខ្លួន ទោះបីជាលោកបាននិយាយថា មួយចំនួនអាចត្រូវបានឪពុកម្តាយរបស់ពួកគេនាំយកទៅផ្ទះកាលពីពេលយប់។
មូលហេតុនៃអគ្គិភ័យនេះ នៅពុំទាន់ដឹងច្បាស់នៅឡើយ។ លោកប្រធានាធិបតី William Ruto បាននិយាយថា លោកបានប្រាប់អាជ្ញាធរឱ្យស៊ើបអង្កេតនូវអ្វីដែលលោកចាត់ទុកថាជា «ឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់» និងបាននិយាយថា អ្នកទាំងឡាយដែលទទួលខុសត្រូវ នឹងត្រូវនាំមកឲ្យទទួលខុសត្រូវក្នុងឧបទ្ទវហេតុនេះ។ អាជ្ញាធរ បានបិទការហ៊ុមព័ទ្ធសាលារៀន ហើយអ្នកស៊ើបអង្កេតឧក្រិដ្ឋកម្មត្រូវបានបញ្ជូនទៅទីនោះ។
ប្រទេសកេនយ៉ា មានប្រវត្តិឆេះសាលារៀន ដែលភាគច្រើនមកពីការលួចដុត។ សិស្ស៩នាក់បានស្លាប់កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយអគ្គិភ័យឆេះសាលារៀនមួយក្នុងរដ្ឋធានីណៃរ៉ូប៊ី ដែលរដ្ឋាភិបាលសន្មតថាជាការលួចដុត។
ក្នុងឆ្នាំ២០០១ សិស្សសាលាចំនួន៥៨នាក់ បានស្លាប់ដោយអគ្គិភ័យនៅអន្តេវាសិកដ្ឋាននៃសាលាអនុវិទ្យាល័យ Kyanguli ខាងក្រៅទីក្រុងណៃរ៉ូប៊ី។


