ទ្វីបអឺរ៉ុបបានជួបប្រទះរដូវក្តៅដ៏ក្តៅខ្លាំងបំផុតរបស់ខ្លួនក្នុងកំណត់ត្រាឆ្នាំ២០២៤នេះ ខណៈរលកកម្ដៅដ៏គ្រោះថ្នាក់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបានធ្វើឱ្យវិស័យកសិកម្មខូចខាត និងនាំឱ្យមានការកើនឡើងនៃការស្លាប់ទាក់ទងនឹងកម្ដៅនៅទូទាំងទ្វីប។
សេវាបម្រែបម្រួលអាកាសធាតុ ខនភើនីខឺស (C3S) របស់សហភាពអឺរ៉ុប បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃសុក្រ ដែលបង្ហាញថាសីតុណ្ហភាពរដូវក្តៅជាមធ្យម (ពីខែមិថុនា ដល់ខែសីហា) នៅទូទាំងទឹកដីអឺរ៉ុបគឺ ១,៥៤អង្សាសេ លើសពីកម្រិតមូលដ្ឋានឆ្នាំ ១៩៩១-២០២០ ដែលលើសពីកំណត់ត្រា ១,៣៤អង្សាសេពីមុននៅឆ្នាំ២០២២។
រលកកម្ដៅក្នុងរដូវក្តៅគឺធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបខាងត្បូង និងខាងកើត ដែលសីតុណ្ហភាពតែងតែឡើងលើសពី ៤០អង្សាសេ។ យោងតាមវិទ្យាស្ថានសុខភាព ខាលូស (Carlos III) បានឱ្យដឹងថា អេស្ប៉ាញ បានកត់ត្រាការស្លាប់ដោយសារកម្ដៅជាង ២.០០០នាក់នៅក្នុងខែកក្កដា និងខែសីហា។ និន្នាការនេះត្រូវបានគេមើលឃើញនៅទូទាំងទ្វីបអឺរ៉ុប ដោយក្រូអាស៊ីបានកត់ត្រាការស្លាប់បន្ថែមចំនួន ៥០០នាក់ ដោយសារកម្ដៅដ៏គ្រោះថ្នាក់នេះ។
នៅប្រទេសមួយចំនួនដូចជា ស្លូវ៉ាគី រូម៉ានី និងក្រូអាស៊ី កម្ដៅដ៏អូសបន្លាយបាននាំឱ្យមានគ្រោះរាំងស្ងួតរីករាលដាល។ រលកកម្ដៅ និងលក្ខខណ្ឌអាកាសធាតុខ្លាំងក្លាបានបណ្តាលឱ្យដំណាំរងផលប៉ះពាល់ខ្លាំងនៅអូទ្រីស។ នៅហុងគ្រី ផ្ទៃដីជាង ៣៩០.០០០ហិកតា ត្រូវបានប្រកាសថាខូចខាតដោយគ្រោះរាំងស្ងួតនៅដើមខែកញ្ញា នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មហុងគ្រី។
កម្ដៅដ៏ក្ដៅគគុកក៏បានដុតបញ្ឆេះចំហេះព្រៃនៅទូទាំងប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ និងក្រិក ដោយបំផ្លាញតំបន់ព្រៃឈើដ៏ធំ ខណៈក្រូអាស៊ីរាយការណ៍ថាមានការកើនឡើង ២៦ភាគរយនៃចំហេះព្រៃបើធៀបនឹងឆ្នាំមុន៕


