សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃសៅរ៍ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១០០៥ នាក់ ទៀត ក្រោមអធិបតីភាព លោកជំទាវបណណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលពិធីប្រកាសបញ្ចូលរៀបចំធ្វើឡើងនៅ ឌឹព្រីមៀរ សែន សុខ រាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃនេះ កម្លាំងស្ម័គ្រចិត្ត នៃសមាជិករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានកើនឡើងរហូតដល់ចំនួន ១០២៥៥ នាក់ បន្ទាប់ពីសមាគមបានបង្កើតឡើងជិត១២ ឆ្នាំកន្លងមកនេះ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីលើកទី៨ នាព្រឹកនេះ ថា លោកជំទាវស្ទើរតែមិនជឿថាកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌មួយនេះ អាចបោះជំហានក្លាយជាគ្រួសារដ៏ធំបែបនេះឡើយ។ លោកជំទាវបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្តនិរន្តភាពរបស់សមាគម។
នៅក្នុងឱកាសនេះ សមាជិក សមាជិកា ដែលជាកម្លាំងស្ម័គ្រចិត្តថ្មី បានបង្ហាញនូវចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។
រហូតមកទល់ពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ បានចំនួន ៥៤ ១ ៨៥១ នាក់ ក្នុងនោះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨០៦៦ នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ហើយអ្នកជំងឺបេះដូងមានចំនួន ៧២ នាក់ ត្រូវបានវះកាត់ដោយជោគជ័យ១០០%។ ជាមួយគ្នានេះ កាលពីអំឡុងវិបត្តិរាតត្បាត នៃជំងឺកូវីត១៩ តាមរយៈសមាគមបានចុះយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ៧៤ ៩ ០១៨ ករណី ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួន ២ ៥ ៨៤២ នាក់ និងចាក់វ៉ាក់សាំងកូវីត១៩ បានចំនួន ៣៧ ៩ ០៩២ នាក់។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា និងពណ៌សម្បុរឡើយ៕ អត្ថបទ៖ ចេន សុភានាថ









