ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT រាយការណ៍នៅថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងកម្លាំងកងទ័ពជើងទឹក អំឡុងដំណើរទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់មូលដ្ឋានកងទ័ពជើងទឹក ។
រូបថតសន្លឹកចេញដោយ KRT ឃើញលោក Kimដើរជុំវិញការដ្ឋានសំណង់ ជាមួយក្រុមមន្រ្តីនៅជិតឆ្នេរសមុទ្រ ។ ទីតាំងរបស់ការដ្ឋាននេះ ពុំត្រូវបានបញ្ជាក់នៅក្នុងសេចក្តីរាយការណ៍នោះឡើយ ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនោះ លោក Kimនិយាយថា ការសាងសង់មូលដ្ឋានកងទ័ពជើងទឹកសម្រាប់គ្រប់គ្រងនាវាចម្បាំងធំៗចុងក្រោយគេនេះ បានក្លាយជាការងារត្រូវសម្រេចឲ្យបាន ហើយលោកបានធ្វើការសង្កត់ធ្ងន់ពីតម្រូវការសាងសង់កំពង់ផែកងទ័ពជើងដែលអាចប្រតិបត្តិការប្រព័ន្ធអាវុធនាវាចម្បាំង ហើយលោកបានប្រកាសឲ្យដឹងពីវិធានការយោធា ដើម្បីដាក់ពង្រាយប្រព័ន្ធប្រឆាំងយន្តហោះ និងការការពារតំបន់ឆ្នេរ សម្រាប់ការការពារកំពង់ផែ ។
នៅក្នុងដំណើរទស្សនកិច្ចដាច់ដោយឡែកមួយផ្សេងទៀតទៅកាន់រោងចក្រផលិតនាវា លោក Kimបានបញ្ជាឲ្យបង្កើនការវិនិយោគជាតិ នៅក្នុងគម្រោងផលិតនាវា ដើម្បីធ្វើឲ្យការងារបន្ទាន់ និងផែនការរយៈពេលយូរសម្រាប់ការចាក់គ្រឹះការអភិវឌ្ឍឧស្សាហកម្មផលិតនាវា ត្រូវបានជំរុញតាមការគ្រោងទុក ។
KRT រាយការណ៍នៅថ្ងៃអាទិត្យនេះផងដែរពីដំណើរទស្សនកិច្ចរបស់លោក Kimទៅកាន់សហគ្រាសឧស្សាហកម្មការពារជាតិ ជាទីដែលលោកបានធ្វើការសង្កត់ធ្ងន់លើតម្រូវការផលិតគ្រាប់រំសេវកាន់តែវិទ្យាសាស្ត្រ និងទំនើបជាងមុន ដើម្បីធានាដល់សមត្ថភាពកម្មវិធីយោធាបង្កើតថ្មីរបស់ពួកគេ ៕



