ភ្នំពេញ ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ជាង១០០០នាក់។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា គិតត្រឹមព្រឹកនេះ ស្ថានភាពជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ អ្នកដែលឆ្លងមេរោគកូវីដ-១៩ ប្រភេទអាល់ហ្វា បើប្រៀបធៀបនឹងខែសីហា មានការថយចុះច្រើន។ និយាយដោយឡែកអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា កើនឡើង មានចំនួនរហូតដល់ជាង១០០០នាក់។
ទន្ទឹមនឹងនោះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានទីតាំងសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា និងប្រភេទដែលតា និងមណ្ឌលធ្វើចត្តាឡីស័ក សរុបទាំងអស់ចំនួន ១០ទីតាំង បូករួមទាំងមនី្ទររដ្ឋថ្នាក់ជាតិផងដែរ។
ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា មកដល់ពេលនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល រដ្ឋបាលរាជធានី លោកតែងតែអប់រំប្រជាពលរដ្ឋឲ្យអនុវត្តន៍វិធានសុខាភិបាលឲ្យបានល្អ។ ប៉ុន្តែណាស់តែក្រុមគាត់ មួយចំនួនតូចទេ គាត់ហាក់បីដូចជាភ្លេចខ្លួន ឬក៏ផ្គើនគាត់នៅតែជួបជុំគ្នា ហើយអ្នកខ្លះមួយភាគណានោះ រហូតដល់លួចចូលខារ៉ាអូខេ មានអ្នកបើកខារ៉ាអូខេ និងមានអ្នកលួចចូលខារ៉ាអូខេទៀត។ ជាក់ស្តែងយប់ម៉ិញក្រុមរថយន្ត AMBULANCE (រថយន្តសង្រ្គោះបន្ទាន់) ខ្ញុំ ទៅដឹកអាក្រុមខារ៉ាអូខេ ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ឥលូវរបួសគ្រូពេទ្យមួយធ្ងន់។និយាយទៅប្រជាពលរដ្ឋ ត្រូវតែអនុវត្តន៍វិធានការសុខាភិបាលឲ្យបានល្អ ៣កុំ ៣ការពារ ហើយនឹងចូលរួមចាក់វ៉ាក់សាំង....។
ពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ អាយុចាប់ពី៦ឆ្នាំ រហូតដល់អាយុក្រោម ១២ឆ្នាំ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បញ្ជាក់ថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានក្រុមកុមារ អាយុចាប់ពី៦ឆ្នាំ រហូតដល់អាយុក្រោម១២ឆ្នាំនេះ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ គឺមានចំនួនជាង២២ម៉ឺននាក់។ ប៉ុន្តែក្នុងរយៈពេល៤ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនេះ គឺកុមារ ចំនួនជាង៦ម៉ឺននាក់មកហើយ ដោយទទួលការចាក់វ៉ាក់សាំង នេះនិយាយតែនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនបូកបញ្ចូលតាមមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ។
ឯកឧត្តម វេជ្ជបណ្ឌិត ក៏សូមមាតា បិតា អាណាព្យាបាល នាំកូនៗទៅទទួលការចាក់វ៉ាក់សាំង ទៅតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន(សង្កាត់-ខណ្ឌ) ជៀសវាងការទៅប្រមូលផ្តុំ ពពាក់ពពូនគ្នា នាំឲ្យមានហានិភ័យផ្សេងៗ ដោយមិនអនុវត្តន៍រក្សាគម្លាតសុវតិ្ថភាពសង្គម ក្នុងពេលទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ គឺមិនល្អនោះទេ ហានិភ័យនៅតែមាន នឹងអាចឆ្លងជំងឺកូវីដ-១៩ផងដែ៕
អត្ថបទ រដ្ឋា




