ភ្នំពេញ ៖ មកដល់ពេលនេះដំណើរការសាលារៀនឡើងវិញ នៅក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើន ដែលអាចឈានទៅរកការបើកសាលារៀនបន្ថែមទៀត។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា មកដល់ពេលនេះ ដំណើរការសាលារៀនឡើងវិញ នៅក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើន ដែលអាចឈានទៅរកការបើកសាលារៀនបន្ថែមទៀត។
ប្រធានមន្ទីរអប់រំ បានបន្ថែមថា សាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យបានបើកដំណើរការចំនួន ១៥៧ទីតាំងហើយ ទាំងសាលារដ្ឋ និងសាលាឯកជន។
ចំពោះការដំណើរការឡើងវិញ សាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនេះ ក៏មានបញ្ហាបន្តិចដែរក្រោយបើកបានប៉ុន្មានថ្ងៃ ដោយមានយុទ្ធនាការយកសំណាកក៏បានរកឃើញសិស្សមួយចំនួនតូចមានវិជ្ជមាន ប៉ុន្តែមិនបានបិទសាលាទាំងមូលវិញទេ គឺបិទត្រឹមថ្នាក់រៀន ហើយបន្តតាមដានអ្នកពាក់ព័ន្ធរហូតមកដល់ពេលនេះ មិនមានបញ្ហាអ្វីដែលឈានដល់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសាលារៀននោះទេ ជារួមគឺមានភាពល្អប្រសើរឡើងវិញហើយ។
សិស្សានុសិស្សរៀននៅវិទ្យាល័យច្បារអំពៅ បានលើកឡើងថា ការសិក្សាដោយផ្ទាល់ឡើងវិញនេះ មានសារៈសំខាន់ណាស់ គ្រាន់តែយើងត្រូវកែប្រែទម្លាប់សិក្សាមួយចំនួនធំ ដើម្បីអនុវត្តវិធានការផ្សេងៗក្នុងការទប់ស្កាត់កូវីដ។
ចំពោះលោកគ្រូអ្នកគ្រូដែលបង្រៀនដោយផ្ទាល់នាពេលនេះ ក៏បានខិតខំបង្រៀនផង និងណែនាំ ក៏ដូចជាអនុវត្តវិធានការផ្សេងៗផង ធ្វើយ៉ាងណាមិនឱ្យសិស្សក្នុងថ្នាក់រៀនរបស់ខ្លួនឆ្លងជំងឺ ដែលប៉ះពាល់ការសិក្សានោះឡើយ។
សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញមានចំនួនសរុប ២២៧ទីតាំង ក្នុងនោះគ្រឹះស្ថានសាធារណៈមាន ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនមានចំនួន ១៥៩ទីតាំង ហើយមកដល់ពេលនេះ បានបើកដំណើរការចំនួន១៥៧ទីតាំងហើយ ទាំងសាលារដ្ឋ និងសាលាឯកជន៕
អត្ថបទ ៖ប្រាក់ វ៉ាន់ដា


