សកម្មជនផ្នែកច្បាប់មួយក្រុម បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣១នាក់ ត្រូវបានស្លាប់ និង ១០០នាក់ បានរងរបួស គិតចាប់តាំងពីកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបន្តការវាយលុកលើទីក្រុង Sennar នៅភាគអាគ្នេយ៍នៃប្រទេសស៊ូដង់ កាលពីថ្ងៃអាទិត្យ។

បណ្ដាមេធាវីសង្គ្រោះបន្ទាន់ ដែលបានតាមដានការស្លាប់របស់ជនស៊ីវិល និងការរំលោភបំពានមនុស្សធម៌ បាននិយាយថា ផ្នែកជាច្រើននៃទីក្រុង ដែលរួមមានទាំងផ្សារធំៗ ត្រូវបានកំណត់គោលដៅដោយការបាញ់កាំភ្លើងធំរបស់ RSF។

ការរុលទៅមុខរបស់ក្រុម RSF ដែលគ្រប់គ្រងភាគច្រើននៃទីក្រុង Sennar និងយ៉ាងហោចណាស់ដែនដីពាក់កណ្តាលរបស់ប្រទេស បានធ្វើឡើងដោយយឺតៗ នៅភាគអាគ្នេយ៍ ខណៈភ្លៀងធ្លាក់ខ្លាំង បាននាំឲ្យមានការលំបាក ក្នុងការបម្លាស់ទី។
គួរបញ្ជាក់ថា សង្រ្គាមរបស់កងកម្លាំងនេះ ជាមួយកងទ័ពស៊ូដង់ បានបង្កឲ្យមានវិបត្តិអត់ឃ្លាន និងជនភៀសខ្លួនក្នុងប្រទេសដ៏ធំបំផុតរបស់ពិភពលោក ដោយបានឆក់យកជីវិតជនស៊ីវិលរាប់ម៉ឺននាក់ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចភាគច្រើនរបស់ស៊ូដង់។

បណ្ដាមេធាវីសង្គ្រោះបន្ទាន់ បានប្រាប់ថា កងទ័ពបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ នៅក្នុងទីក្រុង al-Souki ដែលជាទីប្រជុំជនមួយនៅជិតទីក្រុង Sennar ក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាស។ ចំណែកកងកម្លាំង RSF បានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួស ១៧នាក់ នៅក្នុងការវាយប្រហារដោយកាំភ្លើងធំលើទីក្រុង el-Obeid ជាទីក្រុងមួយផ្សេងទៀតដែលពួកគេបានតស៊ូ ដើម្បីអះអាងពីការគ្រប់គ្រងពេញលេញ៕