បាល់ទាត់៖ ខ្សែបម្រើ Everton, James Rodriguez ត្រូវបានគេដឹងបានធ្វើដំណើរទៅកាន់ទឹកដីកាតា ដើម្បីធ្វើការចរចាផ្លាស់ទៅកាន់ក្លិបមួយនៅតំបន់មជ្ឈិមបូព៌ា។ កីឡាករវ័យ ៣០ឆ្នាំជំរើសជាតិកូឡុំប៊ីរូបនេះមិនមានតំណែងច្បាស់លាស់ឡើយនៅទឹកដី Goodison Park តាំងពីការមកដល់របស់ Rafael Benitez ជំនួសតំណែងលោក Carlo Ancelotti ដែលចេញទៅ Real Madrid។

អតីតកីឡាកររបស់ Real Madrid ដែលមកកាន់ Everton ក្នុងតំលៃ ១២លានផោនកាលពីឆ្នាំមុននោះ មិនទាន់បានលេងសូម្បីមួយប្រកួតរដូវកាលនេះ។ ប្រកួតចុងក្រោយរបស់ James បង្ហាញខ្លួននៅ Everton គឺតាំងពីថ្ងៃទី១៦ ខែឧសភានៅពេលចាញ់ Sheffield United។ ប្រាក់ឈ្នួលរបស់ James នៅ Everton ត្រូវបានគេដឹងថាដល់ទៅ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយបើរូបគេចាកចេញមែននោះនឹងបន្ធូរបន្ថយការចំណាយច្រើនសំរាប់ Everton។
ក្រុមរបស់លោក Rafael Benitez មិនអាចទិញកីឡាករច្រើនបានឡើយ ដោយសារគំរោងចំណាយលើប្រាក់ឈ្នួលកីឡាករមានកំរិត។ រំលឹកថា James Rodriguez ធ្លាប់មានអាជីពជាមួយ Porto, Monaco, Real Madrid និងជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចី។ រដូវកាលមុនគេបានបង្ហាញខ្លួនសរុប ២៦ប្រកួតឱ្យ Everton រកបាន ៦គ្រាប់បញ្ជូន៩៕
អត្ថបទ៖នាង សុភាវុធ