អគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី១០ ខែកញ្ញា) នេះ បាននិយាយថា មេបញ្ជាការកងទ័ពអាកាសជាន់ខ្ពស់រុស្ស៊ីម្នាក់ គឺជាជនសង្ស័យក្នុងការវាយប្រហារដោយមីស៊ីលទៅលើមន្ទីរពេទ្យកុមារ នៅកណ្តាលទីក្រុងគីវ កាលពីខែកក្កដា ដែលហេតុការណ៍នោះបានសម្លាប់មនុស្ស ២នាក់ និងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
អគ្គរដ្ឋអាជ្ញា លោក Andriy Kostin មិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ប៉ុន្តែបាននិយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចេញដីកាចាប់ខ្លួនរូបគេរួចហើយ។
កាលពីខែមីនា ICC បានចេញដីកាចាប់ខ្លួន លោក Sergei Kobylash ដោយលើកឡើងថា លោកគឺជាមេបញ្ជាការនៃកងកម្លាំងអាកាសចរណ៍ចម្ងាយឆ្ងាយរបស់រុស្ស៊ី។ ICC បានប្រាប់ឲ្យដឹងនៅពេលនោះថា លោកត្រូវបានជាប់សង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដែលរួមមានទាំងការបញ្ជាឲ្យវាយប្រហារលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនផងដែរ។
បើយោងតាមលោក Kostin បានឲ្យដឹងថា មេបញ្ជាការរូបនោះ បានបញ្ជាឲ្យបាញ់មីស៊ីលតម្រង់គោលដៅវាយប្រហារពីអាកាសប្រភេទ Kh-101 ចេញពីយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី នៅម៉ោង ១០:៤៥នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ជាថ្ងៃដែលមានការវាយប្រហារនោះ។
យ៉ាងណាក្ដី រុស្ស៊ីបដិសេធរាល់ការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន ហើយនិយាយថា ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលនោះទេ។ ប្រទេសនេះបានច្រានចោលដីកាចាប់ខ្លួនឧក្រិដ្ឋកម្មសង្គ្រាមរបស់ ICC ដោយពិពណ៌នាថា នេះជាផ្នែកមួយនៃយុទ្ធនាការរបស់លោកខាងលិចដែលមានភាពលម្អៀង ដើម្បីបង្ខូចកិត្តិយសរបស់ប្រទេសរុស្ស៊ី៕


