ការបាញ់ប្រហារដ៏ហិង្សានៅរដ្ឋ ស៊ីណាលូអា (Sinaloa) ភាគខាងលិចប្រទេសម៉ិកស៊ិក បានបង្កឱ្យមានការភ័យខ្លាចថា សង្គ្រាមផ្ទៃក្នុងរវាងក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលអាចនឹងផ្ទុះឡើង បន្ទាប់ពីមានការចាប់ខ្លួនមេក្រុមក្រិដ្ឋកម្មដ៏មានអំណាច ឈ្មោះ អ៊ីស្មែល ហ្សាំបាដា (Ismael Zambada) ឬហៅថាមេក្រុម អ៊ែលម៉ាយ៉ូ (El Mayo) ក្នុងខែកក្កដា។

អាជ្ញាធរនិយាយថា ទាហានម្នាក់ និងជនស៊ីវិលពីរនាក់បានស្លាប់កាលពីថ្ងៃចន្ទ។ វីដេអូដែលចែករំលែកយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញឱ្យឃើញខ្មាន់កាំភ្លើងប្រដាប់អាវុធធុនធ្ងន់ធ្វើដំណើរដោយថ្មើរជើង ឬជិះរថយន្តដឹកទំនិញនៅតំបន់ជុំវិញទីក្រុង ឃូលីអាកាន (Culiacan) រដ្ឋធានីរបស់រដ្ឋ ខណៈស្នូរបាញ់កាំភ្លើងបានបន្លឺឡើងយ៉ាងខ្លាំងក្លា។

ភាពស្ងប់ស្ងាត់បានត្រលប់មកវិញនៅព្រឹកថ្ងៃអង្គារ (១០ កញ្ញា) ប៉ុន្តែហាងមួយចំនួននៅតែបន្តបិទទ្វា។ ក្រុមក្រុមអ្នកវិភាគបានទស្សន៍ទាយជាយូរមកហើយថានឹងមានសង្រ្គាមនៅក្នុងក្រុមជួញដូរគ្រឿងញៀន Sinaloa ចាប់តាំងពីការចាប់ខ្លួនរបស់លោក Zambada កាលពីថ្ងៃទី២៥ ខែកក្កដា។ មេដឹកនាំក្រុមឧក្រិដ្ឋកម្មជើងចាស់ដែលជឿថាមានអាយុពាក់កណ្តាល ៧០ឆ្នាំរូបនេះ បានចោទថាសមាជិកជាន់ខ្ពស់នៃក្រុម ឡូស ឆាពីតូស (Los Chapitos) ដែលក្រុមជួញដូរគ្រឿងញៀនដ៏មានអំណាចមួយផ្សេងទៀត បានចាប់ខ្លួនលោក និងបន្ទាប់មកបានបញ្ជូនទៅឱ្យសហរដ្ឋអាមេរិក ប្រឆាំងនឹងឆន្ទៈរបស់ខ្លួន។

អាជ្ញាធរម៉ិកស៊ិក បានបញ្ជូនទាហានកងកម្លាំងពិសេសចំនួន ៩០នាក់ទៀតទៅកាន់រដ្ឋ Sinaloa កាលពីថ្ងៃអង្គារ ដោយបន្ថែមតួលេខទាហានសម្រាំងដែលបានបញ្ជូនទៅរដ្ឋនេះដល់ចំនួនជិត ៦០០នាក់។ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បាននិយាយថា រដ្ឋាភិបាលកំពុង «ឃ្លាំមើលយ៉ាងដិតដល់ និងចាត់វិធានការ» ដើម្បីធានាភាពស្ងប់ស្ងាត់៕