មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ទាបៗនៅក្នុងរដ្ឋធានីហាណូយ ប្រទសវៀតណាមនាថ្ងៃពុធនេះ ស្របពេលដែលទឹកទន្លេក្រហម បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ធ្វើឲ្យជន់លិចផ្លូវថ្នល់ជាច្រើននៅក្នុងរដ្ឋធានីមួយនេះ ។
គិតត្រឹមថ្ងៃពុធនេះ ទឹកជំនន់ពីទន្លឡើង បានឈានដល់កម្ពស់ ១ម៉ែត្រ នៅតាមតំបន់ជាច្រើនទូទាំងរដ្ឋធានី បង្ខំឲ្យអ្នកស្រុក ធ្វើដំណើរតាមទូកនៅក្នុងតំបន់រស់នៅរបស់ពួកគេ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ផងដែរ ដោយសារក្តីបារម្ភពីសុវត្ថិភាព ក្នុងនោះសង្កាត់រដ្ឋបាលចំនួន ១០ ក្នុងចំណោម ៣០សង្កាត់ក្នុងទីក្រុងហាណូយ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់ ។
ព្យុះទីហ្វុង Yagi បានបោកបក់លើតំបន់ភាគខាងជើងវៀតណាម ដោយបានសម្លាប់មនុស្ស ១៧៩នាក់ ហើយនិងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕