អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកញ្ញាថា រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ក្រុមតាលីបង់ បានស្នើសុំថ្លែងទៅកាន់មេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនៅសប្តាហ៍នេះ។

ឯកអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលត្រូវបានក្រុមតាលីបង់បណ្តេញចេញកាលពីខែមុនក៏បានស្នើសុំថ្លែងផងដែរ ដោយអង្គការសហប្រជាជាតិមិនទាន់សម្រេចនៅឡើយទេថា អ្នកណានឹងតំណាងឲ្យប្រទេសនេះនៅស្ថាប័នពិភពលោកមួយនេះ។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់សារព័ត៌មាន AFP ថា គណៈកម្មាធិការផ្ដល់សារតាំងដែលមានសមាជិក ៩ប្រទេសនឹងគ្រប់គ្រងលើការស្នើសុំនេះ ប៉ុន្តែគេមិនច្បាស់ទេថា តើគណៈកម្មាធិការនេះនឹងជួបគ្នាមុនការបញ្ចប់កិច្ចប្រជុំនេះ ឬយ៉ាងណា។
លោក Dujarric បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួលលិខិតមួយច្បាប់ពីក្រុមតាលីបង់ដែលបានតែងតាំងលោក Amir Khan Muttaqi ជាប្រេសិតថ្មីដើម្បីស្នើសុំចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នេះ។ លិខិតនេះមិនបានបញ្ជាក់ថា តើលោក Muttaqi ចង់ធ្វើដំណើរទៅញូវយ៉កដើម្បីថ្លែង ឬថាតើក្រុមតាលីបង់នឹងបញ្ជូនសារជាវីដេអូថតទុកដែរ ឬយ៉ាងណា ខណៈដែលមេដឹកនាំជាច្រើនកំពុងធ្វើនៅឆ្នាំនេះដោយសារវិបត្តិជំងឺ COVID-19៕
អត្ថបទ៖ សុខមាន