ការផ្ទុះគ្រាប់ និងផ្សែង ត្រូវបានគេមើលឃើញនៅតាមព្រំដែនភាគខាងជើងអ៊ីស្រាអែលជាមួយប្រទេសលីបង់ ស្របពេលកងទ័ពអ៊ីស្រាអែល និយាយថា ពួកគេបានវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុមហេសប៊ូឡា នៅក្នុងប្រទេសជិតខាងមួយនេះ ។
យោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាំជ្រួចផ្លោងប្រហែល ៣០គ្រាប់ បានបាញ់ចេញពីប្រទេសលីបង់ ចូលតំបន់ភាគខាងជើងអ៊ីស្រាអែល និងបានធ្លាក់លើដីទំនេរចោល ។ គ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ។
មាននូវការផ្ទុះអាវុធរាល់ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ រហូតមក រយៈពេល ១ថ្ងៃ ក្រោយក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ បើកការវាយប្រហារមិនធ្លាប់ដែលមានពីមុនមកលើអ៊ីស្រាអែល ជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡានេះដែរ បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួននៅភាគីទាំង ២ ទាំងនៅតំបន់ព្រំដែនអ៊ីស្រាអែល និងតំបន់ព្រំដែនលីបង់ ។
ក្រុមមេដឹកនាំអ៊ីស្រាអែល និយាយថា ពួកគេចង់ដោះស្រាយជម្លោះមួយនេះ តាមរយៈកិច្ចព្រមព្រៀង ដែលនឹងរុញច្រានឲ្យក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ ចាកចេញពីតំបន់ព្រំដែន ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហេសប៊ូឡា និយាយថា ពួកគេនឹងបន្តសង្រ្គាមជាមួយអ៊ីស្រាអែល ដរាបណាសង្រ្គាមហ្កាហានៅតែបន្ត ៕