លោក Jared Isaacman គឺជាអ្នកជំនួញមហាសេដ្ឋី បានក្លាយជាអវកាសយានិកមិនមែនអាជីពលើកដំបូងគេ ដើរលើទីអវកាស ។
សហគ្រិន Isaacman និយាយថា វាពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលដែលលោកចេញពីគម្របយានអវកាស Crew Dragon SpaceX ។
លោកថា ពេលត្រឡប់ទៅផ្ទះវិញ ពួកយើងនៅមានការងារច្រើនណាស់ត្រូវធ្វើ ប៉ុន្តែមើលចេញពីទីនេះទៅ វាប្រៀបដូចជាពិភពលោកមួយដ៏ល្អឥតខ្ចោះអស្ចារ្យបំផុត ។
លោក Isaacman វ័យ ៤១ឆ្នាំ បានចេញពីយានដំបូងនៅវេលាម៉ោងប្រហែល ៦ និង ៥២នាទី ត្រូវនឹងម៉ោង ១០ និង ៥២នាទី ម៉ោងសកល ។
ក្រោយពេលរូបលោកវិលត្រឡប់ចូលយានវិញ នៅរយៈពេលប៉ុន្មាននាទីក្រោយ វិស្វករក្រុមហ៊ុន SpaceX គឺអ្នកស្រី Sarah Gillis វ័យ បានទទួលយកវេនលោកស្រីវិញម្តង ខណៈដែលការដើរលើទីអវកាសរបស់ពួកគេ ត្រូវបានផ្សាយផ្ទាល់លើគេហទំព័ររបស់ក្រុមហ៊ុន ។
ការដើរលើអីវកាសនេះដែរ ត្រូវបានកំណត់ចំណាយពេលតែ ៣០នាទីប៉ុណ្ណោះ ប៉ុន្តែនីតិវិធីរៀបចំសម្រាប់ការដើរ និងបញ្ចប់វាដោយសុវត្ថិភាព ត្រូវការចំណាយពេលប្រហែល ២ម៉ោង ៕