តំណាងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខស្តីពីយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) ថា កំណើនភាពតានតឹងនៅសមុទ្រក្រហម គឺជាការបង្ហាញដ៏លេចធ្លោមួយនៃការរីករាលដាលនៃជម្លោះតំបន់ហ្កាហ្សា ដែលគ្មានសញ្ញាបញ្ចប់។

លោក កឹង ស្ហ័ង (Geng Shuang) តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះ ស្របពេលដែលបានអំពាវនាវឱ្យក្រុមហ៊ូទី (Houthi) គោរពសិទ្ធិនាវាពាណិជ្ជកម្មនៃប្រទេសទាំងអស់ក្នុងការធ្វើនាវាចរណ៍នៅក្នុងដែនទឹកនៃសមុទ្រក្រហម ស្របតាមច្បាប់អន្តរជាតិ។

អ្នកតំណាងរូបនេះបាននិយាយថា ប្រទេសចិនតែងតែរក្សាថាការដោះស្រាយបញ្ហាយេម៉ែន ត្រូវតែពឹងផ្អែកលើមធ្យោបាយនយោបាយ និងការទូត ហើយភាគីពាក់ព័ន្ធគួរតែរួមគ្នាជំរុញដំណើរការនយោបាយដ៏ទូលំទូលាយមួយដែល "ដឹកនាំដោយប្រជាជន" និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការចរចា។
លោក Geng បានបន្តថា ចិនទន្ទឹងរង់ចាំប្រទេសដែលមានឥទ្ធិពលលើយេម៉ែន ដើរតួនាទីស្ថាបនា ហើយអំពាវនាវឱ្យរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូទី ធ្វើការរួមគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរវាងភាគីទាំងពីរលើបញ្ហាហិរញ្ញវត្ថុ និងអាកាសចរណ៍។

គួររម្លឹកថា នាវាដឹកប្រេងដែលមានទង់ជាតិក្រិក មួយឈ្មោះថា "MV Sounion" ដែលផ្ទុកប្រេងឆៅប្រហែល ១លានបារ៉ែល ត្រូវបានវាយប្រហារដោយកងកម្លាំងហ៊ូទី កាលពីថ្ងៃទី២១ ខែសីហា។ ស្ថានការណ៍កាន់តែតានតឹងនៅពេលដែលកងកម្លាំងក្រុមឧទ្ទាមនេះ បានបញ្ចេញវីដេអូកាលពីថ្ងៃទី២៩ ខែសីហា ដែលបង្ហាញពួកគេឡើងដាក់គ្រឿងផ្ទុះនៅលើនាវាដឹកប្រេងនោះ ដោយបានត្រៀមការបំផ្ទុះមួយដែលធ្វើឱ្យសមុទ្រក្រហមប្រឈមនឹងហានិភ័យនៃការលេចធ្លាយប្រេងដ៏ធ្ងន់ធ្ងរ៕