ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដោយស្ទើរតែមានកម្រិត ៩ទល់១ ពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញពិភពលោក ក្នុងរយៈពេល ៨ឆ្នាំមកនេះ។ នេះបើយោងតាមរបាយការណ៍ឃ្លាំមើលរបស់រដ្ឋាភិបាលអាមេរិកដែលគូសបញ្ជាក់ពីបញ្ហាប្រឈមដែលទីក្រុងវ៉ាស៊ីនតោនត្រូវជួបប្រទះ ខណៈដែលខ្លួនកំពុងប្រជែងឥទ្ធិពលជាមួយទីក្រុងប៉េកាំង នៅក្នុងបណ្ដាប្រទេសក្រីក្រ។
ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) បានឲ្យដឹងថា ប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន ៦៧៩ពាន់លានដុល្លារអាមេរិក ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ សម្រាប់គម្រោងពាក់ព័ន្ធនឹងផ្លូវហាយវេ រោងចក្រថាមពល និងទូរគមនាគមន៍។ GAO បានបន្តថា ចំណែកសហរដ្ឋអាមេរិក បានផ្តល់ប្រាក់ចំនួន ៧៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។
ចំនួនដ៏ធំបំផុតនៃប្រាក់របស់ប្រទេសចិន គឺ ១០៤ពាន់លានដុល្លារ បានផ្ដល់ទៅប្រទេសរុស្ស៊ី ដែលជាសញ្ញានៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរបស់ប្រទេសទាំង២។ ចំនួននៅសល់បានផ្តល់មូលនិធិដល់ខ្សែផ្លូវរថភ្លើង នៅក្នុងប្រទេសកេនយ៉ា ការបញ្ជូនថាមពលវារីអគ្គិសនី នៅអង់ហ្គោឡា និងគម្រោងផ្សេងទៀត នៅជុំវិញពិភពលោក ដែលភាគច្រើនជាប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាប។
របាយការណ៍នេះ បានបន្ថែមថា ការវិនិយោគអាចលើកកម្ពស់បន្ថែមទៀតដល់ «ឥទ្ធិពលការទូត និងយុទ្ធសាស្ត្ររបស់ប្រទេសចិន លើប្រទេសម្ចាស់ផ្ទះ ព្រមទាំងអំណាចទន់ និងកេរ្តិ៍ឈ្មោះសកលរបស់ខ្លួន»។ ស្ថាប័ននេះ បានដកស្រង់សម្តីរបស់ប្រទេសអ្នកទទួល ដែលនិយាយថា គំនិចផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ «បានបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសរបស់ពួកគេ»។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ តំណាងធនាគារនាំចេញ-នាំចូល និងសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំមតិយោបល់ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញានោះ៕