យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ក្មេងប្រុសម្នាក់ និងគ្រួសាររបស់រូបគេ ត្រូវបានទាញចេញពីក្រោមគំនរបាក់បែកអគារបាក់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំ Nuseirat ស្ថិតក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមជួយសង្រ្គោះ និងអ្នកស្រុក ត្រូវបានគេមើលឃើញធ្វើការពេញមួយយប់ថ្ងៃព្រហស្បតិ៍ ដោយប្រើប្រាស់ដៃទទេ និងគ្រឿងចក្រ ដើម្បីយកចេញបេតុង និងគំនរបាក់បែកកប់ពីលើគ្រួសារមួយនេះ ។
ក្មេងប្រុស Mohammed Hamduna និងឪពុករបស់គេ ត្រូវបានជួយសង្រ្គោះនៅរស់ជាមួយនឹងបងស្រី ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ។
ចំណែកឯម្តាយរបស់ក្មេងប្រុស Hamduna និងប្អូនស្រីរបស់គេម្នាក់ទៀត ត្រូវបានទាញចេញពីគំនរបាក់បែកអគារផងដែរ ប៉ុន្តែពួកគេទាំង ២បានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនេះ ។
គួរឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមជីវពលហាម៉ាស់ បានចាប់ចំណាប់ថ្នូរជាជនបរទេស និងជនជាតិអ៊ីស្រាអែលប្រហែល ២៥០នាក់ ពេលដែលពួកគេវាយឆ្មក់តំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងបានសម្លាប់មនុស្សជាង ១.២០០នាក់ ។
ដោយឡែក ការវាយប្រហារតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤១.១១៨នាក់ និងមនុស្សជាង ៩៥.១២៥នាក់ បានរងរបួស ចាប់តាំងពីពេលនោះមក ។ នេះបើយោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ៕