ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសៅរ៍ (ទី១៤ ខែកញ្ញា) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់របស់រុស្ស៊ីលោក Sergei Shoigu ហើយបានពិភាក្សាគ្នាអំពីកិច្ចសន្ទនាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ រវាងប្រទេសទាំង២។

សារព័ត៌មាន KCNA បានឲ្យដឹងថា ឥស្សរជនទាំង២ មាន «ការផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយ ស្ដីពីស្ថានភាព ក្នុងតំបន់ និងអន្តរជាតិ» ហើយបានឈានដល់ការឯកភាពគ្នាជាទីពេញចិត្តលើបញ្ហានានា ដែលរួមមានទាំង «កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍សុវត្ថិភាពទៅវិញទៅមក»។
ជាមួយគ្នានេះ ទីភ្នាក់ងារ KCNA បានឲ្យដឹងទៀតថា លោក Kim បាននិយាយថា កូរ៉េខាងជើងនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២។
សហរដ្ឋអាមេរិក និងអ៊ុយក្រែន ក្នុងចំណោមប្រទេសផ្សេងទៀត ក៏ដូចជាអ្នកវិភាគឯករាជ្យ បានលើកឡើងថា លោក Kim កំពុងជួយប្រតិបត្តិការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយផ្គត់ផ្គង់គ្រាប់រ៉ូកែត និងមីស៊ីល ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងយោធាផ្សេងទៀតពីទីក្រុងមូស្គូ។
ទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបានសន្យាជំរុញកិច្ចសហប្រតិបត្តិការយោធា និងបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែមិថុនា៕
