មនុស្សរាប់ពាន់នាក់បានចូលរួមបាតុកម្មនៅទូទាំងប្រទេសបារាំង ដែលដឹកនាំដោយក្រុមស្ត្រីនិយម។
ក្រុមបាតុករបានចេញគាំទ្រជនរងគ្រោះពីការរំលោភផ្លូវភេទ ដោយអំពាវនាវឱ្យបញ្ចប់អំពើហិង្សាផ្លូវភេទ និងការរើសអើងផ្អែកលើយេនឌ័រ និងជាពិសេស បាតុកម្មប្រឆាំងនឹងការដាក់សារធាតុគីមី ឬការរំលោភបំពានដោយការដាក់ថ្នាំ។
នៅទីក្រុងប៉ារីស ក្រុមបាតុករបានកាន់បដាដែលមានសាររួមមាន "ការបញ្ចប់វប្បធម៌នៃការរំលោភ" និង "ជនរងគ្រោះ យើងជឿអ្នក អ្នករំលោភសេពសន្ថវៈ និងយើងឃើញអ្នក"។ អំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងប្រទេសបារាំងបានក្លាយជាការផ្តោតការយកចិត្តទុកដាក់ជាថ្មី ដោយសារតែការកាត់ទោសការរំលោភសេពសន្ថវៈដ៏ធំមួយ ដែលកំពុងប្រព្រឹត្តទៅនៅភាគខាងត្បូងនៃប្រទេសនេះ។
ក្នុងការជម្រះក្ដី បុរស៥១នាក់ កំពុងត្រូវបានកាត់ទោសលើករណីដែលធ្វើឲ្យប្រទេសជាតិមានការភ្ញាក់ផ្អើលខ្លាំង ពោលគឺស្រ្តីម្នាក់ត្រូវបានបុរសជាង៨០នាក់រំលោភ ខណៈរូបនាងត្រូវបានគេដាក់ថ្នាំក្នុងរយៈពេល១០ឆ្នាំ។
លោក ដូមីនីក ប៉េលីកូត (Dominique Pelicot) ត្រូវបានចោទប្រកាន់ថាបានដាក់ថ្នាំប្រពន្ធរបស់លោកនៅពេលនោះគឺ អ្នកស្រី ហ្គីសេល ប៉េលីកូត(Gisele Pelicot) ហើយបន្ទាប់មកបានរំលោភអ្នកស្រី រួចបានប្រគល់ភរិយារបស់ខ្លួនឲ្យទៅបុរសមួយក្រុមរំលោភ ជាក្រុមបុរស ដែលរូបលោកបានជ្រើសរើសនៅលើអ៊ីនធឺណិតអស់រយៈពេលមួយទសវត្សរ៍។ សកម្មភាពដែលបានកើតឡើងនៅក្នុងផ្ទះគ្រួសារនោះ ត្រូវបានថតដោយបុរសជាប្តី៕