មន្ត្រីយោធាជាន់ខ្ពស់ណាតូមួយរូបបាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន ត្រូវមានហេតុផលយោធាដ៏ល្អមួយក្នុងការវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានជួបលោកប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមានកាលពីថ្ងៃសុក្រ ខណៈក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ពិភាក្សាថាតើត្រូវផ្តល់ការអនុញ្ញាតឲ្យទីក្រុង Kyiv ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដាក់គោលដៅក្នុងប្រទេសរុស្ស៊ីឬអត់។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា លោកខាងលិចនឹងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិចចូលជ្រៅក្នុងដីរបស់ខ្លួនមែននោះ។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រាក(Prague) នៃគណៈកម្មាធិការយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលជាអាជ្ញាធរយោធាខ្ពស់បំផុតរបស់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក - លោកឧត្តមនាវីឯក រុប បាវើ (Rob Bauer) បាននិយាយថា ច្បាប់ស្តីពីជម្លោះប្រដាប់អាវុធបានផ្តល់សិទ្ធិឱ្យប្រជាជាតិមួយដើម្បីការពារខ្លួន ហើយមិនឈប់នៅព្រំដែនរបស់ខ្លួនឡើយ។
ទន្ទឹមនឹងនោះ លោកបាននិយាយថា បណ្ដាប្រទេសដែលផ្តល់អាវុធក៏មានសិទ្ធិដាក់កម្រិតលើការប្រើប្រាស់របស់អាវុធទាំងនោះផងដែរ៕