មេធាវីរបស់ក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេនៅចិន ByteDance កាលពីថ្ងៃចន្ទ (១៦ កញ្ញា) បានប្រឹងប្រែងបញ្ចុះបញ្ចូលតុលាការឧទ្ធរណ៍សហព័ន្ធឱ្យរារាំងច្បាប់របស់សហរដ្ឋអាមេរិក ដែលនឹងហាមឃាត់កម្មវិធីវីដេអូខ្លីប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់របស់ខ្លួននៅថ្ងៃទី១៩ ខែមករា ដោយលើកហេតុផលថាបម្រាបនោះបំពានលើការការពារការនិយាយដោយសេរី ប៉ុន្តែបានប្រឈមនឹងសំណួរ និងការតតាំងដ៏តឹងតែងពីចៅក្រម។

ក្រុមចៅក្រមបីនាក់នៃសាលាឧទ្ធរណ៍អាមេរិក សម្រាប់តំបន់វ៉ាស៊ីនតោន បានស្តាប់ទឡ្ហីករណ៍រយៈពេលពីរម៉ោងនៅក្នុងសំណុំរឿងដែលប្តឹងដោយ TikTok និង ByteDance កាលពីខែឧសភា ដើម្បីស្វែងរកដីការារាំងកុំឱ្យច្បាប់នេះចូលជាធរមាន។
មេធាវីនៃក្រសួងយុត្តិធម៌ លោក ដានីអែល ថិនរី (Daniel Tenny) បានសង្កត់លើជំហររបស់រដ្ឋាភិបាលអាមេរិកដែលថា TikTok ក្រោមកម្មសិទ្ធិរបស់ចិន បង្កការគំរាមកំហែងសន្តិសុខជាតិព្រោះការចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនយ៉ាងច្រើនលើជនជាតិអាមេរិក ដោយអះអាងថា ចិនអាចក្លែងបន្លំដោយសម្ងាត់លើព័ត៌មានដែលប្រជាជនអាមេរិកប្រើប្រាស់តាមរយៈកម្មវិធីដ៏ពេញនិយមនេះ។

លោក អាន់ឌ្រូ ភីនខឺស (Andrew Pincus) មេធាវីដែលតំណាង TikTok និង ByteDance បានប្រាប់ចៅក្រមទាំងបីរូបនោះថា រដ្ឋាភិបាលអាមេរិក មិនបានបង្ហាញថា TikTok ពិតជាបង្កហានិភ័យសន្តិសុខជាតិមែននោះទេ។ លោក Pincus ក៏បានអះអាងដែរថា ច្បាប់នេះបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដោយហេតុផលជាច្រើន។ មេធាវីនៃក្រសួងយុត្តិធម៌បានការពារច្បាប់នេះ និងបានព្រមានពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន។ TikTok និងក្រសួងយុត្តិធម៌បានស្នើសុំសេចក្តីសម្រេចមួយនៅថ្ងៃទី០៦ ខែធ្នូ ដែលអាចអនុញ្ញាតឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិកពិចារណាលើបណ្តឹងឧទ្ធរណ៍ណាមួយ មុនពេលការហាមឃាត់ចូលជាធរមាន៕