ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់អរិភាពចំពោះប្រទេសរបស់លោក មុនពេលចរចាដោយផ្ទាល់ជាមួយទីក្រុងតេអេរ៉ង់។

កាលពីថ្ងៃច័ន្ទ នៅក្នុងទីក្រុងតេអេរ៉ង់ លោក Pezeshkian បានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង កាលពីខែកក្កដា។
លោក Pezeshkian និយាយថា អ្វីដែលអាចត្រូវបាននិយាយឲ្យច្បាស់នោះគឺថា ចាប់តាំងពីលោកឡើងកាន់តំណែងមក អ៊ីរ៉ង់ ពុំបានផ្តល់ទៅឱ្យរុស្ស៊ីនូវអ្វីដែលអាចជាហេតុផលសម្រាប់ប្រទេសលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មលើប្រទេសរបស់លោកនោះទេ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ កាលពីដើមខែនេះ ដោយចោទប្រកាន់ប្រទេសនេះថា ជាអ្នកផ្គត់ផ្គង់មីស៊ីលបាលីស្ទីកទៅឲ្យរុស្ស៊ី។

ដោយត្រូវបានសួរអំពីលទ្ធភាពនៃការជួបចរចាផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Pezeshkian បានឆ្លើយតបថា អាមេរិក ត្រូវតែបង្ហាញជាមុនថា ខ្លួនពុំមានអរិភាពណាមួយចំពោះអ៊ីរ៉ង់ទេ។
លោកនិយាយថា អ៊ីរ៉ង់ គ្មានគំនុំចំពោះអាមេរិក ប៉ុន្តែអាមេរិក បានបិទផ្លូវអ៊ីរ៉ង់ទាំងអស់។
លោក Pezeshkian បានបង្ហាញពីការត្រៀមខ្លួនដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច។ ប៉ុន្តែភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងកើនឡើង ដោយសារ មិនត្រឹមតែស្ថានភាពនៅអ៊ុយក្រែនប៉ុណ្ណោះទេ វាថែមទាំងជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ កំពុងប្រឈមមុខជាមួយអ៊ីស្រាអែល ផងដែរ។