ក្រសួងយុត្តិធម៌អាមេរិក (DOJ) បាននិយាយថា ជនជាតិរុស្សីម្នាក់ដែលរស់នៅក្នុងទីក្រុង Sarasota នៃរដ្ឋ Florida ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) ក្រោមការចោទប្រកាន់ពីបទរត់ពន្ធ ការសម្អាតលុយកខ្វក់ និងការនាំចេញដោយខុសច្បាប់ទៅកាន់ប្រទេសរុស្ស៊ីនូវបច្ចេកវិទ្យាដែលអាចប្រើក្នុងការផលិតយានដ្រូន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការចោទប្រកាន់នេះ បានលើកឡើងថា បន្ទាប់ពីមានការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ លោក Denis Postovoy វ័យ ៤៤ឆ្នាំ បានទិញ និងនាំចេញដោយខុសច្បាប់ទៅប្រទេសរុស្ស៊ីនូវសមាសធាតុមីក្រូអេឡិចត្រូនិច ជាមួយនឹងកម្មវិធីយោធាដែលអាចត្រូវបានប្រើ នៅក្នុងការផលិតយានដ្រូន។
រដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋ លោក Matthew Graves បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យោងតាមការចោទប្រកាន់ ជនជាប់ចោទរូបនេះ បាននាំចេញបច្ចេកវិទ្យាប្រើបានទាំងយោធា និងស៊ីវិលដោយខុសច្បាប់ទៅកាន់ប្រទេសរុស្ស៊ី ដែលអាចពង្រឹងសមត្ថភាពរបស់ប្រទេសនេះ ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន»។
ស្ថានទូតរុស្ស៊ីនៅសហរដ្ឋអាមេរិក បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ខ្លួនបានដឹងអំពីការឃុំខ្លួនលោក Postovoy ប៉ុន្តែថា ខ្លួនមិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយអំពីការចាប់ខ្លួនពីភ្នាក់ងារអនុវត្តច្បាប់ ក្នុងស្រុកនោះទេ៕