ប្រធានាធិបតីនីហ៊្សេរីយ៉ាលោក Bola Tinubu បានបំពេញទស្សនកិច្ចទៅកាន់ជំរំជួយសង្រ្គោះនៅទីក្រុង Maiduguri ជាទីដែលអ្នករស់រានពីគ្រោះទឹកជំនន់ បានរស់នៅទីនោះ ។
អំឡុងពេលចុះសួរសុខទុក្ខជនរងគ្រោះ លោក Tinubu បានសន្យាគាំទ្រដល់អ្នករស់រានពីគ្រោះទឹកជំនន់ ។
មនុស្សជាង ៣០នាក់ បានស្លាប់នៅក្នុងទឹកជំនន់នេះ ដែលក្រុមអាជ្ញាធរ និយាយថា វាបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង ១លាននាក់ ដោយពួកគេភាគច្រើនរស់នៅក្នុងជំរំដោយគ្មានស្បៀងអាហារ និងទឹកស្អាត ។
ទឹកជំនន់នេះដែរ មិនត្រឹមតែគំរាមកំហែងដល់សុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋជម្លៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កការលំបាកដល់ទីភ្នាក់ងារជំនួយ និងរដ្ឋាភិបាលផងដែរ ធ្វើឲ្យវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនីហ៊្សេរីយ៉ាកាន់តែអាក្រក់ទៅ ។
នៅក្នុងជំរំសម្រាប់ប្រជាជនភៀសខ្លួនដោយទឹកជំនន់ក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា អ្នកស្រី Bintu Amadu ស្ថិតក្នុងចំណោមប្រជាជនរាប់រយនាក់ ដែលបានមករង់ចាំជាច្រើនម៉ោង ដើម្បីបានទៅជួបគ្រូពេទ្យ ។
អ្នកស្រីនិយាយថា គាត់បានរង់ចាំ ចាប់តាំងពីថ្ងៃម្សិលមិញ តែពុំទាន់បានទទួលលទ្ធផលអ្វីនៅឡើយ ។ ទីភ្នាក់ងារផ្តល់ជំនួយ បានព្រមានអំពីការផ្ទុះឡើងជំងឺអាសន្នរោគ ក្នុងពេលមានទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ។
មនុស្សរាប់សែននាក់ ដូចជាអ្នកស្រី Amadu ត្រូវបង្ខំចិត្តចូលទៅរស់នៅក្នុងជំរំជនភៀសខ្លួនដោយគ្មានអាហារ និងទឹកស្អាត ៕


