យន្តហោះកងទ័ពជើងទឹកអាមេរិក ១គ្រឿង នៅថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) នេះ បានហោះកាត់ច្រកសមុទ្រតៃវ៉ាន់ ជាអ្វីដែលសហរដ្ឋអាមេរិកហៅថា ការបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះដែនអាកាសអន្តរជាតិដែលមានភាពសេរីភាព និងបើកចំហ ដោយការហោះហើរនោះជំរុញឲ្យប្រទេសចិនប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង នៅលើដែនទឹកដែលខ្លួនប្រកាសថា ជារបស់ខ្លួន។
កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក បាននិយាយអំពីការហោះហើររបស់យន្តហោះ P-8A Poseidon នេះថា «ដោយប្រតិបត្តិការ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិករក្សាសិទ្ធិធ្វើនាវាចរណ៍ និងសេរីភាពនៃប្រជាជាតិទាំងអស់»។
ប្រទេសចិន ដែលទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ បានហៅការឆ្លងកាត់យោធារបស់លោកខាងលិច នៅក្នុងតំបន់នេះថា ជាការបង្កហេតុ។ ទីបញ្ជាភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា យន្តហោះចម្បាំងជាច្រើនគ្រឿង ត្រូវបានបញ្ចេញយ៉ាងប្រញាប់ប្រញាល់ ដើម្បីតាមឃ្លាំមើល និង «ព្រមាន» ដល់យន្តហោះរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុន នាវាកងទ័ពជើងទឹកអាល្លឺម៉ង់ ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាការឆ្លងកាត់លើកដំបូង ក្នុងរយៈពេល ២ទសវត្សរ៍ ដើម្បីបង្ហាញពីការតាំងចិត្តរបស់ទីក្រុងប៊ែរឡាំង ក្នុងការឈរជាមួយសម្ព័ន្ធមិត្តលោកខាងលិច ពាក់ព័ន្ធនឹងកោះតៃវ៉ាន់៕


