ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយប្រាប់ BBCថា ភាពអត់ឃ្លាននៅក្នុងប្រទេសស៊ូដង់ដែលញាំញីដោយភ្លើងសង្រ្គាម ស្ទើរតែមាននៅគ្រប់ទីកន្លែងទាំងអស់ ក្រោយរូបលោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសមួយនេះ ។
អគ្គលេខាធិការ WHOលោក Tedros Adhanom Ghebreyesus និយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ ស្ថិតក្នុងគ្រាអាសន្នបំផុត ការជម្លៀសខ្លួនទ្រង់ទ្រាយធំ ដែលបច្ចុប្បន្នគឺជាការជម្លៀសខ្លួនមនុស្សច្រើនបំផុតនៅលើពិភពលោក ហើយជាការពិតណាស់ថា ប្រទេសមួយនេះ ជួបគ្រោះទុរ្ភិក្ស ។
លោកថា មនុស្ស ១២លាននាក់ បានជម្លៀសខ្លួនរួចទៅហើយ ហើយការយកចិត្តទុកដល់របស់សហគមន៍ពិភពលោកលើប្រទេសស៊ូដង់ មានតិចតួចណាស់ ហើយការប្រកាន់ជាតិសាសន៍ គឺជាកត្តាសំខាន់ ។
លោកនិយាយថា កាលពីពេលថ្មីៗនេះ លោកបានបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួន និងមន្ទីរពេទ្យនៅក្នុងប្រទេសស៊ូដង់ ។ លោកថា អ្នកមានឃើញថា ក្មេងៗទាំងអស់នេះស្លេកស្លាំងខ្លាំងណាស់ ។
លោក Tedros បញ្ជាក់ថា ពលរដ្ឋជិត ២៥លាននាក់ ដែលស្មើនឹងពាក់កណ្តាលនៃប្រជាពលរដ្ឋស៊ូដង់ ត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ ។
សូមបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមស៊ីវិលផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)កាលពីខែមេសា ឆ្នាំ ២០២៣ ៕


