ក្រុមសកម្មប្រយុទ្ធហេសបូឡា ក្នុងប្រទេសលីបង់ បានប្ដេជ្ញាសងសឹកអ៊ីស្រាអែល បន្ទាប់ពីការចោទប្រកាន់ថា អ៊ីស្រាអែលបានបំផ្ទុះឧបករណ៍ចាប់សញ្ញាអគ្គិសនីក្នុងពេលដំណាលគ្នានៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ថ្ងៃទី ១៧ ខែកញ្ញា ដោយបានសម្លាប់មនុស្ស ៩ នាក់ និងរបួសជិត ៣.០០០ នាក់ផ្សេងទៀត រួមទាំងក្រុមអ្នកប្រយុទ្ធ និងបេសកជនអ៊ីរ៉ង់ប្រចាំនៅទីក្រុងបេរូតផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក ហ្ស៊ីអាដ ម៉ាការី (Ziad Makary) បានថ្កោលទោសការបំផ្ទុះនៅពេលរសៀលលើឧបករណ៍ចាប់សញ្ញាអគ្គិសនី ឬអេឡិចត្រូនិក ជាឧបករណ៍យួរដៃ ដែលក្រុមហេសបូឡា និងអ្នកផ្សេងទៀតនៅក្នុងប្រទេសលីបង់ ប្រើដើម្បីផ្ញើសារ ថាជា ការឈ្លានពានរបស់អ៊ីស្រាអែល។ក្រុមហេសបូឡា បាននិយាយថា អ៊ីស្រាអែលនឹងទទួលបានការដាក់ទោសដោយយុត្តិធម៌សម្រាប់ការបំផ្ទុះនេះ។

យោធាអ៊ីស្រាអែល ដែលបានចូលរួមក្នុងការប្រយុទ្ធឆ្លងព្រំដែនជាមួយក្រុមហេសបូឡា ចាប់តាំងពីសង្គ្រាមហ្កាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន បានបដិសេធមិនឆ្លើយតបទៅនឹងសំណួរអំពីការបំផ្ទុះនោះទេ។

ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើង៩នាក់ នៅយប់ថ្ងៃអង្គារ ខណៈពេលអ្នករបួសនៅតែមានចំនួន២.៧៥០នាក់ ។ក្រុមនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា ការស្លាប់រួមមានយ៉ាងហោចណាស់អ្នកប្រយុទ្ធពីរនាក់ និងក្មេងស្រីតូចម្នាក់។
ឧបករណ៍ចាប់សញ្ញាអគ្គិសនី បានផ្ទុះនៅភាគខាងត្បូងប្រទេសលីបង់ ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែលគេស្គាល់ថា តំបន់ ដាហ៊ីយ៉េ (Dahiyeh) និងជ្រលងភ្នំបេកា (Bekaa) ភាគខាងកើត ជាទីតាំងរឹងមាំរបស់ក្រុមហេសបូឡាទាំងមូល៕