មហាសន្និបាតអង្គការសហប្រជាជាតិ បានចាប់ផ្តើមការពិភាក្សាលើដំណោះស្រាយប៉ាឡេស្ទីន ដែលទាមទារឱ្យអ៊ីស្រាអែល បញ្ចប់ «វត្តមានដោយខុសច្បាប់» នៅលើដែនដីប៉ាឡេស្ទីន ដែលបានចូលកាន់កាប់ក្នុងរយៈពេល១២ខែ មកនេះ។

អ៊ីស្រាអែល បានចូលកាន់កាប់តំបន់ហ្កាហ្សា តំបន់West Bank និងទីក្រុងហ៊្សេរុយសាឡឹមខាងកើត តាំងពីឆ្នាំ១៩៦៧។
នៅក្នុងខែកក្កដា តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានចេញមតិណែនាំដោយចាត់ទុក វត្តមានរបស់អ៊ីស្រាអែលថា «ខុសច្បាប់»។ សេចក្តីសម្រេច ទាមទារឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពតាំងទីលំនៅថ្មី និងជម្លៀសអ្នកតាំងលំនៅ ចេញពីដែនដីនេះ។

កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour បានអំពាវនាវឱ្យមានការគាំទ្រសេចក្តីសម្រេចនេះ ដោយនិយាយថា «យើងចង់រស់នៅក្នុងសេរីភាព និងអធិបតេយ្យភាព ភាពថ្លៃថ្នូរ សន្តិភាពនិងសន្តិសុខ នៅក្នុងទឹកដីដូនតារបស់យើង»។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក Danny Danon បានអំពាវនាវឱ្យមានការច្រានចោលសេចក្តីសម្រេច ដោយចាត់ទុកថា វាជា «ភេរវកម្មផ្នែកការទូត»។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NHK កាលពីដើមសប្តាហ៍នេះ លោក បានច្រានចោលសេចក្តីសម្រេចនេះថាជាកាយវិការមិនទទួលបានអ្វីទេ ដែលមិនគាំទ្រទាំងពលរដ្ឋប៉ាឡេស្ទីន និងអ៊ីស្រាអែល។ លោកបាននិយាយថា ប៉ាឡេស្ទីន គិតថា «ការដាក់អ៊ីស្រាអែលឲ្យនៅឯកោនឹងជាការល្អសម្រាប់ពួកគេ នោះជាកំហុសរបស់ពួកគេ»។