រដ្ឋមន្ត្រីការពារជាតិប្រទេសម៉ិកស៊ិក លោក Luis Cresencio Sandoval បាននិយាយ កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ជនស៊ីវិល៣០នាក់ បានស្លាប់ ចាប់តាំងពីរលកនៃអំពើហឹង្សា បានវាយប្រហារនៅភាគពាយព្យរដ្ឋ Sinaloa របស់ប្រទេសម៉ិកស៊ិក តាំងពីថ្ងៃទី៩ ខែកញ្ញា។

ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador លោក Sandoval បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ កំពុងពង្រឹងសន្តិសុខនៅក្នុងតំបន់នេះ ដើម្បីទប់ស្កាត់អំពើហិង្សា ដែលបានឆក់យកជីវិតទាហានពីរនាក់ ផងដែរ។

លោកនិយាយថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យយ៉ាងហោចណាស់៣០ នាក់ ដែលជាប់ពាក់ព័ន្ធជាមួយអង្គការឧក្រិដ្ឋកម្ម និងបានរឹបអូសអាវុធចំនួន១១៥ដើម។ ជម្លោះកាលពីពេលថ្មីៗនេះ បានផ្ទុះឡើងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមជួញដូរគ្រឿងញៀនជាគូប្រជែង។
ប្រធានាធិបតីម៉ិកស៊ិក បាននិយាយថា រដ្ឋបាលរបស់លោក ដែលនឹងបញ្ចប់អាណត្តិក្នុងខែនេះ កំពុងធ្វើការដើម្បីបង្ក្រាបការប្រយុទ្ធគ្នា និងការពារប្រជាជននៅក្នុងតំបន់នោះ។ លោកប្រធានាធិបតី បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិកស៊ីធី ថា «យើងកំពុងយកចិត្តទុកដាក់ ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងរដ្ឋ Sinaloa»។