ក្រុមហ៊ុនដែលមានទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកចំនួន ៩ នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ ត្រូវបានប្រទេសចិនប្រកាសវិធានការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនោះ នៅក្នុងប្រទេសចិន ពាក់ព័ន្ធនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដោយនេះជាចំណាត់ការចុងក្រោយបង្អស់ ដើម្បីដាក់សម្ពាធបន្ថែមលើសហរដ្ឋអាមេរិកឲ្យបញ្ឈប់ការលក់អាវុធរបស់ខ្លួនទៅកាន់កោះនេះ។
ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតដល់សេតវិមាន ដែលជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់ និងអ្នកផ្គត់ផ្គង់អាវុធ សម្រាប់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ឲ្យចៀសវាងពីការមានពីទំនាក់ទំនងផ្លូវការជាមួយរដ្ឋបាលរបស់កោះនេះ។ ទីក្រុងប៉េកាំងបានអះអាងថា កោះតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឲ្យដឹងថា វិធានការដែលធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុននានា ក្នុងនោះរួមទាំងក្រុមហ៊ុនសាជីវកម្ម Sierra Nevada និង Stick Rudder Enterprises LLC ផងដែរ បានចូលជាធរមាន នៅថ្ងៃពុធ ហើយនឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនោះ នៅក្នុងប្រទេសចិន។
ក្រសួងបានបន្តថា ខ្លួនបានពិពណ៌នាសកម្មភាពនេះថា ជាវិធានការតបត ហើយបាននិយាយថា ចំណាត់ការនោះក៏បានអនុវត្តផងដែរទៅលើក្រុមហ៊ុនសាជីវកម្ម Cubic, S3 Aerospace, TCOM Ltd Partnership, TextOre, Planate Management Group, ACT1 Federal និង Exovera។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា អង្គការ និងបុគ្គល នៅក្នុងប្រទេសចិន ត្រូវបានហាមឃាត់មិនឲ្យធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងនោះទេ។
គួរបញ្ជាក់ថា នៅមុននេះ ប្រទេសចិនបានដាក់ទណ្ឌកម្ម និងហាមឃាត់ក្រុមហ៊ុននានា ក្នុងនោះរួមទាំងក្រុមហ៊ុន Lockheed Martin ជុំវិញការលក់អាវុធឲ្យទៅកោះតៃវ៉ាន់៕