អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីរបស់កោះតៃវ៉ាន់ បានព្រមានប្រជាជនឱ្យ «យកចិត្តទុកដាក់ចំពោះព័ត៌មានក្លែងក្លាយតាមបណ្តាញអ៊ីនធឺណិត» ចំពោះការបំផ្ទុះឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិករាប់ពាន់គ្រឿងដែលដាក់គោលដៅលើក្រុមហេសបូឡានៅប្រទេសលីបង់ បន្ទាប់ពីក្រុមហ៊ុនតៃវ៉ាន់មួយ ត្រូវបានផ្សារភ្ជាប់ទៅនឹងការផលិតឧបករណ៍ទាំងនេះ។

ក្រុមហ៊ុន Gold Apollo មានមូលដ្ឋាននៅកោះតៃវ៉ាន់ បាននិយាយថា ក្រុមហ៊ុនមិនបានផលិតឧបករណ៍ដែលប្រើប្រាស់ក្នុងការវាយប្រហារនេះទេ និងបាននិយាយថាឧបករណ៍ត្រូវបានផលិតដោយក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Budapest ប្រទេសហុងគ្រីដែលមានអាជ្ញាប័ណ្ណប្រើប្រាស់ម៉ាកយីហោរបស់ខ្លួន។

និយាយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ លោក Lee Hui-chih នៅកោះតៃវ៉ាន់ បាននិយាយថា អង្គភាពសន្តិសុខជាតិ កំពុងតាមដានពាក្យចចាមអារ៉ាមតាមបណ្តាញអ៊ិនធរណិត ដែលត្រូវបានគេសង្ស័យថា មានប្រភពមកពីបរទេស ស្វែងរក «បំណងអាក្រក់» ដែលបានភ្ជាប់អាជ្ញាធរកោះតៃវ៉ាន់ ទៅនឹងករណីនេះ។
លោក Lee បានបញ្ជាក់ជាថ្មីថាឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិក ដែលនាំចេញពីកោះតៃវ៉ាន់ «ពុំមានបញ្ហាជាមួយនឹងការផ្ទុះនោះទេ»។
ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកអ៊ីស្រាអែល ដែលពុំបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះ សម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់។