ក្រសួងការបរទេសស៊ីរី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បាននិងកំពុងបង្កអស្ថិរភាពដល់ប្រទេសផ្សេងទៀត និងបានប្រើប្រាស់មតិសាធារណៈ ជាលេសនៃ«លទ្ធិប្រជាធិបតេយ្យ»។

ក្រសួង បាននិយាយថា៖«លោកខាងលិច នៅតែបន្តប្រើគំនិងនៃការលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ ដែលជាឧបករណ៍មួយ ដើម្បីបង្ក្រាបប្រជាជាតិ និងបំបាក់ឆន្ទៈរបស់ប្រជាជនរបស់ពួកគេ» ដោយបានបង្ហាញនូវ «គោលនយោបាយលាក់ពុត» របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំបិទសំឡេង ដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន ខណៈដែលកំពុងការពារអ្វីដែលគេហៅថា«សេរីភាពនៃការបញ្ចេញមតិ» និង«លទ្ធិប្រជាធិបតេយ្យ»។
ក្រសួងបានកំណត់ មូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ [National Endowment for Democracy (NED)] ដែលជាអង្គការដែលផ្តល់មូលនិធិជាចម្បងដោយសភាសហរដ្ឋអាមេរិក ថាជា«ផ្នែកមួយសម្រាប់ធ្វើឲ្យរង្គោះរង្គើដល់រដ្ឋាភិបាលនានា និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តារដ្ឋដែលអធិបតេយ្យភាព»។
ក្រសួងបានបន្ថែមថា ចាប់តាំងពីបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៣ មក មូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NED) បានចូលរួមនៅក្នុងសកម្មភាពដែលមានបំណងធ្វើឲ្យមានការបែងបាក់ ការប្រើប្រាស់មតិសាធារណៈ និងធ្វើឲ្យប្រទេសនានា មានអស្ថិរភាព ក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ ដែលជាយុទ្ធសាស្ត្រស្រដៀងនឹងយុទ្ធសាស្ត្រដែលត្រូវបានគេប្រើនៅក្នុងប្រទេសស៊ីរី ដើម្បីធ្វើរដ្ឋមួយចំនួន ចុះខ្សោយ។