ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលបាលីស្ទិកថ្មី ដោយប្រើក្បាលគ្រាប់ធំមានឥទ្ធិពលខ្លាំង និងមីស៊ីលតម្រង់គោលដៅជំនាន់ក្រោយ កាលពីថ្ងៃពុថ (ទី១៨ ខែកញ្ញា) ដោយការសាកល្បងនេះដឹកនាំដោយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ដែលបានអំពាវនាវឲ្យផលិតអាវុធទូទៅ និងសមត្ថភាពនុយក្លេអ៊ែរឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុន។
លោក គីម ត្រូវបានដកស្រង់សម្ដី ដែលនិយាយថា ការធ្វើតេស្តដើម្បីពង្រឹងសមត្ថភាពសព្វាវុធ គឺត្រូវធ្វើឡើងជាចាំបាច់ ដោយសារតែការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងខាងក្រៅ ចំពោះសន្តិសុខរបស់ប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន KCNA ទំនងជារាយការណ៍អំពីការបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ កាលពីថ្ងៃទី១៨ ខែកញ្ញា ដែលត្រូវបានរាយការណ៍ដោយយោធាកូរ៉េខាងត្បូង ដោយនេះជាលើកទី២ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលទាំងនេះ រយៈពេលមួយសប្តាហ៍។
ជាមួយគ្នានេះ កាលពីសប្តាហ៍មុន កូរ៉េខាងជើងក៏បានបង្ហាញកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផងដែរក្នុងរបាយការណ៍សាធារណៈលើកដំបូងមិនធ្លាប់មាន។ ហើយសារព័ត៌មាន KCNA បានលើកឡើងពី «តម្រូវការ ដើម្បីបន្តពង្រឹងកម្លាំងនុយក្លេអ៊ែរ ហើយនិងដើម្បីមានសមត្ថភាពបច្ចេកទេសយោធាខ្លាំងបំផុត និងសមត្ថភាពវាយលុកដ៏មានប្រៀបលើសលប់ នៅក្នុងវិស័យគ្រឿងយុទ្ធោបករណ៍មិនមែននុយក្លែអែរផងដែរ»។
សារព័តមាន KCNA បានឲ្យដឹងថា ការធ្វើតេស្តកាលពីថ្ងៃទី១៨ ខែកញ្ញា ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិកតាកតិកថ្មី Hwasongpho-11-Da-4.5 ដែលបង្ហាញថា វាគឺជាផ្នែកនៃមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ដែលប្រទេសនេះកំពុងអភិវឌ្ឍ ដោយគេជឿមួយចំនួនត្រូវបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី។ KCNA បានបញ្ជាក់ថា មីស៊ីលនេះត្រូវបានបំពាក់ដោយក្បាលគ្រាប់ធំមានឥទ្ធិពលខ្លាំង ទម្ងន់ ៤,៥តោន៕