ក្រសួងសាធារណៈរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា កាលពីថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ បានប្រកាសថា ដីកាចាប់ខ្លួន កំពុងត្រូវបានដំណើរការឡើង ប្រឆាំងនឹងប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei និងមន្ត្រី ២នាក់ទៀត ពីបទលួចយន្តហោះរឹបអូសដោយអាហ្សង់ទីនដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tarek Saab បានចាត់តាំងរដ្ឋអាជ្ញា ២រូបឲ្យចេញដីកាចាប់ខ្លួនប្រធានាធិបតី Milei លេខាប្រធានាធិបតី លោកស្រី Karina Milei និងរដ្ឋមន្ត្រីសន្តិសុខ លោកស្រី Patricia Bullrich។
មន្ត្រីទាំងនោះ ត្រូវបានចោទប្រកាន់ពីបទ «លួច និងបំផ្លាញ» យន្តហោះ Boeing 747-300 ដែលត្រូវបានរឹបអូសដោយអាហ្សង់ទីន នៅទីក្រុង Buenos Aires ក្នុងឆ្នាំ២០២២ ដោយសង្ស័យថា វាមានទំនាក់ទំនងជាមួយក្រុមភេរវករអន្តរជាតិ។ យន្តហោះនេះត្រូវបានប្រគល់ឲ្យសហរដ្ឋអាមេរិក ក្នុងខែកុម្ភៈ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បាននិយាយថា យន្តហោះ Boeing 747-300 ដែលមានប្រភពនៅសហរដ្ឋអាមេរិក នឹងត្រូវរងទណ្ឌកម្ម ដោយសារមានការបំពានច្បាប់នាំចេញរបស់សហរដ្ឋអាមេរិក នៅពេលដែលយន្តហោះនេះ កាលពីឆ្នាំមុន ត្រូវបានលក់ចេញពីក្រុមហ៊ុនអាកាសចរណ៍ Mahan Air របស់អ៊ីរ៉ង់ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ Emtrasur ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកអាកាសចរណ៍របស់វ៉េណេហ្ស៊ុយអេឡា គឺក្រុមហ៊ុន Conviasa៕