បម្រែបម្រួលអាកាសធាតុ បានបង្កើនកម្លាំងទឹកជំនន់នៅទូទាំងអឺរ៉ុប ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ស្របតាមអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តអាកាសធាតុ បានព្យាករណ៍ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មកម្ល៉េះ សម្រាប់ផែនដីក្តៅជាងមុន ដោយសារចំហេះធ្យូងថ្ម ប្រេង និងឧស្ម័ន ។
លោក Erich Fischer គឺជាអ្នកវិទ្យាសាស្រ្តអាកាសធាតុ និយាយថា បម្រែបម្រួលអាកាសធាតុ នឹងធ្វើឲ្យបរិយាកាសកាន់តែក្តៅ និងមានជាតិសំណើមជាងមុន ហេតុដូច្នេះហើយ វានឹងធ្វើឲ្យកម្លាំងគ្រោះមហន្តរាយកើនឡើងផងដែរ ដូចជាករណីភ្លៀងធ្លាក់ខ្លាំងនៅអឺរ៉ុប ។
ទឹកជំនន់ បានបង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំចាប់ពីប្រទេសរ៉ូម៉ានី រហូតដល់ប្រទេសប៉ូឡូញ ហើយចំនួនមនុស្សស្លាប់សរុប បច្ចុប្បន្នបានកើនឡើងដល់ ២៣នាក់ ។ ទឹកជំនន់នេះដែរ ត្រូវបានគេចាត់ទុកថាជាទឹកជំនន់ដ៏អាក្រក់់បំផុតវាយប្រហារតំបន់អឺរ៉ុបកណ្តាល ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ។
សីតុណ្ហភាពទឹកឡើងក្តៅនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រខ្មៅ មានន័យថា សំណើមកាន់តែច្រើន អាចត្រូវបានរំហួត ស្របពេលដែលបរិយាកាសក្តៅជាងមុន រួមចំណែកដល់ការមានសំណើមខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។
បន្ទាត់ព្រិលខ្ពស់ជាងមុន ដោយសារសីតុណ្ហភាពខ្យល់ក្តៅ មានន័យផងដែថា នឹងមានព្រិលធ្លាក់តិចជាងមុន ក្នុងពេលមានអាកាសធាតុត្រជាក់ដែលមិនរងផលប៉ះពាល់ដោយសារចំហេះប្រេងឥន្ធនៈហ្វូស៊ីល ។
ក្រុមអ្នកវិទ្យាសាស្រ្តអាកាសធាតុ ត្រូវបានគេរំពឹងថា នឹងចុះផ្សាយការសិក្សារបស់ពួកគេនៅក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលនឹងនិយាយកាន់តែច្បាស់ពីកម្រិតបម្រែបម្រួលអាកាសធាតុអ្វី ដែលជះឥទ្ធិពលលើហេតុការណ៍អាកាសធាតុអាក្រក់បែបនេះ ៕