យោងតាមលិខិតមួយច្បាប់ដែលសារព័ត៌មាន Reuters បានឃើញ នាថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នេះ បានបង្ហាញថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងអនុម័តជំនួយយោធាជិត ៤០០លានអឺរ៉ូ (៤៤៥លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន។
លិខិតនោះបានរៀបរាប់ថា៖ «ដោយមើលឃើញពីស្ថានភាពយោធាកាន់តែយ៉ាប់យ៉ឺនទៅៗ នៅក្នុងប្រទេសអ៊ុយក្រែន វាមានហានិភ័យធ្ងន់ធ្ងរ ដែលអ៊ុយក្រែន ប្រសិនបើគ្មានការបង្កើនជំនួយផ្នែកគ្រឿងយុទ្ធោបរណ៍ឲ្យខ្លាំងក្លាទេនោះ អាចនឹងត្រូវបរាជ័យ នៅក្នុងយុទ្ធនាការការពារជាតិរបស់ខ្លួននេះ»។
ក្រសួងហិរញ្ញវត្ថុ ក្រោយមានសំណើរបស់ក្រសួងការពារជាតិ កំពុងស្នើសុំឲ្យមានការអនុម័តលើការចំណាយបន្ថែម ដោយគណៈកម្មាធិការថវិការបស់សភាជាន់ទាប។ ហើយលិខិតនោះបង្ហាញទៀតថា៖ «តម្រូវការដែលមិនបានគ្រោងទុកមានចំនួនប្រហែល ៣៩៧លានអឺរ៉ូ ទើបតែបានក្លាយជាសំណើរជាក់លាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដល់កម្រិតដែលវាបំពេញតាមតម្រូវការរដ្ឋធម្មនុញ្ញ និងថវិកានៃតម្រូវការមិនបានគ្រោងទុកនេះ»។
ក្រសួងហិរញ្ញវត្ថុបាននិយាយថា សំណើត្រូវតែបំពេញភ្លាមៗ ដើម្បីអនុវត្តវិធានការនានា នៅឆ្នាំ២០២៤ ដើម្បីឲ្យទឹកប្រាក់ទាំងនោះអាចមានប្រសិទ្ធភាព សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ។ ជំនួយអាល្លឺម៉ង់ ចំពោះអ៊ុយក្រែន ត្រូវបានរៀបចំថវិកាប្រមាណ ៨ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤៕