នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សរបស់លោកនឹងរំដោះដែនដីសហព័ន្ធរឹងរូស Jammu and Kashmir ចេញពីសកម្មប្រយុទ្ធ ខណៈពេលលោកថ្លែងសុន្ទរកថានៅក្នុងពិធីជួបជុំគ្នាជាសាធារណៈ នៅទីក្រុង Srinagar មុនដំណាក់កាលទី ២ នៃការបោះឆ្នោតថ្នាក់ខេត្ត ។
លោក Modi សន្យាធានាដល់សន្តិភាព ស្របពេលដែលអ្នកស្រុក និយាយថា ពួកគេសង្ឃឺមថានឹងមានការស្ដារឡើងវិញប្រក្រតីភាព បន្ទាប់ពីការវាយប្រហារជាច្រើនលើករបស់ក្រុមជីវពលកាលពីមុន ជាពិសេសអំឡុងការបោះឆ្នោត ដែលនាំឲ្យចំនួនអ្នកមកបោះឆ្នោតមានកម្រិតទាប ។
កាលពីដើមខែមិថុនាកន្លងទៅ មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣៣នាក់ផ្សេងទៀត បានរងរបួស ពេលដែលរថយន្តក្រុងដឹកធម្មយាត្រាហិណ្ឌូ ធ្លាក់ចូលជ្រោះ ក្រោយការវាយប្រហារសង្ស័យរបស់ក្រុមជីវពល ។
លោក Modiសន្យាផងដែរចំពោះឱកាសការងាររដ្ឋ ដើម្បីបង្កើនឱកាសការងារសម្រាប់យុវជននៅក្នុងតំបន់ ។
អត្រាគ្មានការងារធ្វើនៅដែនដីតំបន់ភ្នំហិម៉ាឡៃមួយនេះ មាន ១៨,៨ភាគរយ ពោលគឺស្មើនឹងជិតទ្វេដងនៃកម្រិតមធ្យមថ្នាក់ជាតិរបស់ឥណ្ឌា ៩,២ភាគរយ ។
មាននូវការប្រកួតប្រជែងច្រើនណាស់សម្រាប់ការងាររដ្ឋ ក្រោយការអភិវឌ្ឍវិស័យឯកជន មានកម្រិតដោយសារជម្លោះរាប់ទសវត្សរ៍ និងអភិបាលកិច្ចមិនឋិតឋេរ ។
កាលពីថ្ងៃពុធម្សិលមិញ អ្នកបោះឆ្នោតនៅទូទាំងសភាធម្មនុញ្ញទាំង ២៤ ក្នុងតំបន់កាស្មៀ បានបោះឆ្នោតរបស់ពួកគេ នៅដំណាក់កាលដំបូង ក្នុងចំណោម ៣ដំណាក់កាល ធ្វើឲ្យវាក្លាយជាការបោះឆ្នោតលើកដំបូងក្នុងតំបន់ នារយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ។
ដោយឡែក សន្លឹកឆ្នោត នឹងត្រូវរាប់នៅថ្ងៃទី ៨ ខែតុលាខាងមុខ ហើយលទ្ធផល ត្រូវបានគេរំពឹងថា នឹងប្រកាសឲ្យដឹងនៅថ្ងៃនោះផងដែរ ៕



