ការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុង Noumea នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា នគរបាលបានសម្លាប់បុរស ២នាក់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការមួយ នាពេលយប់ នៅក្នុងដែនដីនូវ៉ែល កាលេដូនី (New Caledonia) របស់ប្រទេសបារាំង ចំពេលមានចលាចល រវាងជនជាតិដើមភាគតិច Kanak និងក្រុមអ្នកស្មោះត្រង់នឹងបារាំង។
ការសម្លាប់នេះ បានធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់ទៅ ១៣នាក់ហើយ នៅលើកោះប៉ាស៊ីហ្វិកមួយនេះ គិតចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិបង្កឡើងដោយកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលត្រូវបានផ្អាកនៅក្នុងខែមិថុនា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Saint Louis ដែលជាមូលដ្ឋានដ៏រឹងមាំនៃចលនាឯករាជ្យ នៅភាគខាងត្បូងនៃទីក្រុង Noumea ខណៈដែលណគរបាលបានស្វែងរកមនុស្សប្រហែល ១២នាក់ ដែលត្រូវបានសង្ស័យមានជាប់ពាក់ព័ន្ធនឹងការប្លន់ប្រដាប់អាវុធ និងការវាយប្រហារលើកងកម្លាំងសន្តិសុខ។
កងអាវុធហត្ថបានបើកការបាញ់ប្រហារបន្ទាប់ពីកម្លាំងសន្តិសុខ ត្រូវបានក្រុមជនប្រដាប់អាវុធគំរាមសម្លាប់ដោយបានសម្លាប់មនុស្ស ២នាក់ ក្នុងចំណោមជនទាំងនោះ។ FLNKS (រណសិរ្សរំដោះជាតិសង្គមនិយម Kanak) ដែលគាំទ្រឯករាជ្យ បាននិយាយថា ជនទាំង ២រូបនោះ គឺជាជាតិ Kanak៕