ភ្នំពេញ៖ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងមន្ដ្រី និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកលាងសម្អាតទ្រូងពុះចែកផ្លូវ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងផងដែរថា កន្លងមកអាជ្ញាធរខណ្ឌតែងតែចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសសណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីរំដោះចិញ្ជើមផ្លូវរក្សាទុកជូនបងប្អូនអ្នកធ្វើដំណើរដោយថ្មើរជើង ឬជនពិការភាពធ្វើដំណើរ និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។
បន្ថែមទៀតនោះលោក អភិបាលខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបាញ់ទឹកលាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវព្រោះរបាំងថ្មពុះចែកទ្រូងផ្លូវ មានសភាពប្រឡាក់ រលប់ចំណាំងផ្លាត ធ្វើឲ្យបងប្អូនអ្នកបើកបរធ្វើដំណើរពេលយប់លំបាកក្នុងការបើកបរងាយនិងបង្កគ្រោះថ្នាក់ចរាចរណ៍។
ជាចុងក្រោយ អាជ្ញាធរខណ្ឌ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វើ អនាម័យ បរិស្ថាន ឲ្យបានគ្រប់គ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត ៕
អត្ថបទ៖ កុម្ភះ



